បទចំរៀង 2
2
1ខ្ញុំជាផ្កាកុឡាបដែលដុះនៅវាលសារ៉ុន
ជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។
2៙ មាសសំឡាញ់របស់អញនៅកណ្តាលពួកកូនស្រីៗ
ប្រៀបដូចជាកំភ្លឹងដុះនៅកណ្តាលគុម្ពបន្លា។
3ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ
នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ
ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង
ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ
4ទ្រង់បាននាំខ្ញុំទៅឯផ្ទះស៊ីលៀង
ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ
គឺជាសេចក្ដីស្រឡាញ់
5សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ
ហើយចំរើនកំឡាំងខ្ញុំដោយផ្លែសារីផង
ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
6ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំ
ហើយព្រះហស្តស្តាំក៏ឱបខ្ញុំ
7ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស
នឹងពួកក្តាន់នៅវាលថា
នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់
របស់ខ្ញុំឡើយ
ចាំទាល់តែទ្រង់សព្វព្រះទ័យ។
8៙ នុ៎ះន៏ សំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ
មើល ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំ
ហើយលោតសំទុះក្អែក នៅលើទួល
9ស្ងួនសំឡាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ
មើល ទ្រង់ឈរនៅខាងក្រៅកំផែងហើយ
ទ្រង់អើតមើលតាមបង្អួច
ហើយក្រឡេកមើលតាមចន្លោះប្រដឹស។
10៙ ស្ងួនសំឡាញ់របស់ខ្ញុំបានមានបន្ទូលនឹងខ្ញុំថា
មាសសំឡាញ់អើយ ចូរក្រោកឡើង
ស្រស់ប្រិមប្រិយអើយ ចូរចេញមក
11ដ្បិតមើល រដូវរងាកន្លងទៅហើយ
ភ្លៀងក៏រាំងស្រឡះហើយដែរ
12ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី
ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់
ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ
13ដើមល្វាមានផ្លែខ្ចីកំពុងតែទុំ
ហើយដើមទំពាំងបាយជូរកំពុងតែផ្កា
ក៏ផ្សាយក្លិនក្រអូបឈ្វេង
ដូច្នេះ ចូរក្រោកឡើង មាសសំឡាញ់អើយ
ឱស្រស់ប្រិមប្រិយអើយ ចូរចេញមក
14ឱព្រាបអញអើយ ឯងនៅតែក្នុងក្រហែងថ្ម
ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី
សូមឲ្យអញឃើញមុខឯង ហើយស្តាប់សំឡេងឯងផង
ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។
15៙ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន
ដែលបំផ្លាញចំការទំពាំងបាយជូរទៅ
ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ
16ស្ងួនសំឡាញ់ខ្ញុំជារបស់ផងខ្ញុំ ខ្ញុំក៏ជារបស់ផងទ្រង់ដែរ
ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង
17ឱស្ងួនសំឡាញ់អើយ សូមវិលទៅវិញ
ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើភ្នំបេធើរ
ចាំដល់ថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
ទើបបានជ្រើសរើសហើយ៖
បទចំរៀង 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.