រ៉ូម 3:19-31

រ៉ូម 3:19-31 ពគប

រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ ដ្បិត​ក្រិត្យ‌វិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រិត្យ‌វិន័យ សេចក្ដី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រិត្យ‌វិន័យ នឹង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​បាន ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី‌ល្អ​នៃ​ព្រះ តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌លោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ ថា​ជា​សុចរិត​ដែរ។ ដូច្នេះ តើ​សេចក្ដី​អួត​អាង​នៅ​ឯ​ណា គឺ​ត្រូវ​លើក​ចោល​ហើយ តើ​ច្បាប់​ណា​ដែល​លើក​ចោល​នោះ តើ​ជា​ច្បាប់​ខាង​ឯ​ការ​ប្រព្រឹត្ត​ឬ មិន​មែន​ទេ គឺ​ជា​ច្បាប់​ខាង​ឯ​សេចក្ដី​ជំនឿ​វិញ​ទេ​តើ ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្ដី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទេ តើ​ព្រះ‌អង្គ​ទ្រង់​ជា​ព្រះ​នៃ​សាសន៍​យូដា​តែ​ប៉ុណ្ណោះ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ​ទេ​ឬ​អី មែន​ហើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ ដ្បិត​គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ ដែល​នឹង​រាប់​ទាំង​ពួក​កាត់​ស្បែក ថា​ជា​សុចរិត ដោយ‌សារ​តែ​គេ​មាន​សេចក្ដី​ជំនឿ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ផង ដោយ​គេ​មាន​សេចក្ដី​ជំនឿ​នោះ​ដែរ ដូច្នេះ តើ​យើង​ឈ្មោះ​ថា​ធ្វើ​ឲ្យ​ក្រិត្យ‌វិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សេចក្ដី​ជំនឿ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ឈ្មោះ​ថា យើង​តាំង​ក្រិត្យ‌វិន័យ​ឲ្យ​កាន់​តែ​មាំ‌មួន​ឡើង​វិញ​ទេ​តើ។

អាន រ៉ូម 3

វីដេអូសម្រាប់ រ៉ូម 3:19-31