រ៉ូម 10:1-13

រ៉ូម 10:1-13 ពគប

បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ នឹង​សេចក្ដី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រាអែល នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ ពី​ព្រោះ​គេ​មិន​បាន​ចុះ​ចូល តាម​សេចក្ដី​សុចរិត​នៃ​ព្រះ ដោយ​គេ​រក​តាំង​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ ឥត​ស្គាល់​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រិត្យ‌វិន័យ សំរាប់​ជា​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ជឿ។ លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្ដី​សុចរិត ដែល​មក​ដោយ‌សារ​ក្រិត្យ‌វិន័យ​ថា «មនុស្ស​ណា​ដែល​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ នឹង​រស់​នៅ​ដោយ‌សារ​ការ​ខ្លួន​ប្រព្រឹត្ត​នោះ​ឯង» តែ​សេចក្ដី​សុចរិត​ដែល​មក​ដោយ​សេចក្ដី​ជំនឿ នោះ​ថា​ដូច្នេះ​វិញ គឺ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា «តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌» គឺ​ដើម្បី​នឹង​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក ឬ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ» គឺ​ដើម្បី​នឹង​នាំ​ព្រះ‌គ្រីស្ទ​ពី​ពួក​ស្លាប់​ឡើង​មក​នោះ​ឡើយ តែ​សេចក្ដី​សុចរិត​នោះ តើ​ថា​ដូច​ម្តេច នោះ​ថា «ព្រះ‌បន្ទូល​នៅ​ជិត​ឯង ក៏​នៅ​ក្នុង​មាត់ ហើយ​ក្នុង​ចិត្ត​ឯង​ផង» នោះ​គឺ​ជា​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ជំនឿ ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រកាស​ប្រាប់​ថា បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ដ្បិត​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់ ពី​ព្រោះ​គម្ពីរ​ថា «អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ» ហើយ​សាសន៍​យូដា នឹង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សំរាប់​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ទ្រង់ ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ

អាន រ៉ូម 10