ទំនុកដំកើង 97

97
1ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់‌គ្រង
គួរ​ឲ្យ​ផែនដី​អរ​សប្បាយ​ឡើង
គួរ​ឲ្យ​ពួក​កោះ​ដ៏​មាន​ជា​ច្រើន មាន​សេចក្ដី​អំណរ​ដែរ
2មាន​ពពក នឹង​សេចក្ដី​ងងឹត​បាំង​ជុំវិញ​ទ្រង់
សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌
ជា​ជើង​ថ្កល់​បល្ល័ង្ក​ទ្រង់
3មាន​ភ្លើង​ចេញ​ទៅ​នៅ​ចំពោះ​ទ្រង់
ឆេះ​បំផ្លាញ​ពួក​ដែល​តតាំង​នឹង​ទ្រង់​នៅ​ជុំវិញ
4ផ្លេក‌បន្ទោរ​របស់​ទ្រង់​ក៏​បំភ្លឺ​លោកីយ
ផែនដី​បាន​ឃើញ ហើយ​ញាប់‌ញ័រ
5អស់​ទាំង​ភ្នំ​បាន​រលាយ​ទៅ ដូច​ជា​ក្រមួន
នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
គឺ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល
6ផ្ទៃ​មេឃ​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់
ហើយ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់
7សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​រូប​ឆ្លាក់
មាន​សេចក្ដី​ខ្មាស
គឺ​ជា​ពួក​អ្នក​ដែល​អួត​ពី​រូប​ព្រះ​ទាំង​ប៉ុន្មាន
នែ ព្រះ​ទាំង‌ឡាយ ចូរ​ថ្វាយ‌បង្គំ​ដល់​ទ្រង់​ចុះ
8ឱ​ព្រះ‌យេហូវ៉ា​អើយ ក្រុង​ស៊ីយ៉ូន​បាន​ឮ ហើយ​ក៏​មាន​សេចក្ដី​អំណរ
ពួក​កូន​ស្រី​នៃ​សាសន៍​យូដា​បាន​រីក‌រាយ​ឡើង
ដោយ​ព្រោះ​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់
9ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ខ្ពស់​បំផុត
នៅ​លើ​ផែនដី​ទាំង​មូល
ទ្រង់​ថ្កើង​ឡើង​យ៉ាង​វិសេស​ជាង​អស់​ទាំង​ព្រះ
10ឱ​ពួក​អ្នក​ដែល​ស្រឡាញ់ដល់​ព្រះ‌យេហូវ៉ា​អើយ
ចូរ​ស្អប់​ការ​អាក្រក់​ចុះ
ទ្រង់​ទំនុក​បំរុង​ព្រលឹង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់
ក៏​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​មនុស្ស​អាក្រក់
11មាន​ពន្លឺ​បាន​សាប‌ព្រោះ​ទៅ សំរាប់​មនុស្ស​សុចរិត
នឹង​សេចក្ដី​អំណរ សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់
12ឱ​មនុស្ស​សុចរិត​អើយ ចូរ​មាន​សេចក្ដី​រីក‌រាយ
ក្នុង​ព្រះ‌យេហូវ៉ា
ហើយ​អរ​ព្រះ‌គុណ ឲ្យ​ជា​ទី​រឭក​ដល់​សេចក្ដី​បរិសុទ្ធ
របស់​ទ្រង់​ចុះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 97: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល