ទំនុកដំកើង 94

94
1ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយ
ឱ​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយ សូម​ភ្លឺ​មក
2ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ទ្រង់​ក្រោក​ឡើង
សូម​សង​ដល់​ពួក​ឆ្មើង‌ឆ្មៃ​តាម​សម​គួរ
3មនុស្ស​អាក្រក់​នឹង​នៅ​មាន​ជ័យ‌ជំនះ​ដល់​កាល​ណា​ទៀត
ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ
4គេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន ហើយ​ពោល​តែ​ពាក្យ
ឆ្មើង‌ឆ្មៃ​ប៉ុណ្ណោះ
គឺ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​រមែង​អួត​ខ្លួន
5ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ញាំ‌ញី​រាស្ត្រ​របស់​ទ្រង់
ហើយ​ធ្វើ​ទុក្ខ​ដល់​មរដក​ទ្រង់
6គេ​សំឡាប់​ស្រី​មេម៉ាយ នឹង​ពួក​អ្នក​ស្នាក់​នៅ
ព្រម​ទាំង​ប្រហារ​ជីវិត​នៃ​ពួក​កំព្រា​ផង
7ហើយ​ពោល​ថា ព្រះ‌យេហូវ៉ា​មិន​ឃើញ​ទេ
ព្រះ​នៃ​យ៉ាកុប ទ្រង់​មិន​ពិចារណា​ឡើយ
8ឱ​ពួក​អ្នក​កំរោល​ក្នុង​បណ្តាជន​អើយ ចូរ​ពិចារណា​ចុះ
ឱ​មនុស្ស​ឥត​បើ​គិត​អើយ
តើ​កាល​ណា​នឹង​មាន​ប្រាជ្ញា​ឡើង
9ឯ​ព្រះ​ដែល​ទ្រង់​បង្កើត​ត្រចៀក តើ​ទ្រង់​មិន​ឮ​ទេ​ឬ
ព្រះ​ដែល​សូន​ធ្វើ​ភ្នែក តើ​ទ្រង់​មិន​ឃើញ​ទេ​ឬ
10ព្រះ​ដែល​វាយ​ប្រដៅ​ដល់​អស់​ទាំង​សាសន៍
តើ​ទ្រង់​មិន​ផ្ចាល​ឯង​ទេ​ឬ​អី
គឺ​ព្រះ​នោះ​ឯង ដែល​បង្រៀន​ឲ្យ​មនុស្ស​មាន​ចំណេះ
11ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​អស់​ទាំង​គំនិត​របស់​មនុស្ស​ថា
សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ
12ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែល
ទ្រង់​វាយ‌ផ្ចាល
ហើយ​បង្ហាត់​បង្រៀន​តាម​ក្រិត្យ‌វិន័យ​ទ្រង់​ផង
13គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស ឲ្យ​អ្នក​នោះ​មាន​សេចក្ដី
សំរាក​នៅ​ថ្ងៃ​អាក្រក់
ទំរាំ​តែ​គេ​ជីក​រណ្តៅ​សំរាប់​មនុស្ស​ប្រព្រឹត្ត​ទំនាស់
14ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ
ក៏​មិន​លះ‌បង់​មរដក​ទ្រង់​ដែរ
15ពី​ព្រោះ​សេចក្ដី​វិនិច្ឆ័យ​នឹង​ត្រឡប់​តាម​សុចរិត​វិញ
ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
គេ​នឹង​ប្រព្រឹត្ត​តាម​ដែរ
16តើ​អ្នក​ណា​នឹង​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទាស់​នឹង​ពួក
អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់
តើ​អ្នក​ណា​នឹង​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទប់‌ទល់​នឹង​ពួក
ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត
17បើ​ប្រសិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ជួយ​ខ្ញុំ​ទេ
នោះ​ព្រលឹង​ខ្ញុំ​នឹង​បាន​ទៅ​នៅ​ក្នុង​ទី​ស្ងាត់​ឈឹង
ដោយ​ឆាប់​ហើយ
18កាល​ទូលបង្គំ​បាន​ពោល​ថា
ជើង​ទូលបង្គំ​រអិល​ភ្លាត់​ហើយ
នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់
បាន​ទប់‌ទល់​ទូលបង្គំ
19គ្រា​ដែល​ទូលបង្គំ​មាន​គំនិត​សាន់‌វ័ណ្ត​ក្នុង​ចិត្ត​ជា​ច្រើន
នោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីក‌រាយ​ដល់
ព្រលឹង​ទូលបង្គំ​វិញ
20តើ​បល្ល័ង្ក​នៃ​សេចក្ដី​អាក្រក់ នឹង​អាច​មាន​សេចក្ដី​ប្រកប
នឹង​ទ្រង់​បាន​ដែរ​ឬ
គឺ​ជា​ពួក​អ្នក​ដែល​បង្កើត​ការ​ប្រទូស‌រ៉ាយ
ដោយ​អាង​មាត្រា​ច្បាប់
21គេ​លើក​គ្នា​ទាស់​នឹង​ជីវិត​នៃ​មនុស្ស​សុចរិត
ហើយ​ក៏​កាត់​ទោស​ដល់​ឈាម​ដែល​ឥត​មាន​ទោស​ផង
22ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ
គឺ​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូលបង្គំ​ពឹង‌ពាក់​បាន
23ទ្រង់​បាន​ទំលាក់​ការ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ
ហើយ​នឹង​កាត់​គេ​ចេញ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន​គេ
គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ
ទ្រង់​នឹង​កាត់‌កាល់​គេ​ចេញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 94: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល