ទំនុកដំកើង 86

86
សេចក្ដី​អធិស្ឋាន​របស់​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់
ហើយ​តប​មក​ទូលបង្គំ​ផង ពី​ព្រោះ​ទូលបង្គំ​ទាល់​ក្រ
ហើយ​ខ្វះ​ខាត
2សូម​ការ‌ពារ​ព្រលឹង​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជា​អ្នក​ជ្រះ‌ថ្លា
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​ជួយ​សង្គ្រោះ​អ្នក​បំរើ​ដែល​ទុក​ចិត្ត​ដល់​ទ្រង់
3ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​អំពាវ‌នាវ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ
4សូម​បណ្តាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បំរើ​ទ្រង់ បាន​រីក‌រាយ​ឡើង
ពី​ព្រោះ ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់
5ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស
ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ
ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់
6ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក
ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ
ហើយ​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​អង្វរ​ផង
7នៅ​ថ្ងៃ​វេទនា នោះ​ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់
ពី​ព្រោះ​ទ្រង់​នឹង​ឆ្លើយ​តប​មក
8ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ក្នុង​អស់​ទាំង​ពួក​ព្រះ
គ្មាន​ណា​មួយ​ឲ្យ​ដូច​ជា​ទ្រង់​ឡើយ
ក៏​គ្មាន​ការ​អ្វី​ឲ្យ​ដូច​ជា​ការ​របស់​ទ្រង់​ដែរ
9ឱ​ព្រះ‌អម្ចាស់​អើយ
អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត
គេ​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់
ហើយ​គេ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់
10ដ្បិត​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យ
ទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង
11ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់
ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់
សូម​បំព្រួម​ចិត្ត​ទូលបង្គំ​មក​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់
12ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​នឹង​សរសើរ​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត
ហើយ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ត​ទៅ
13ដ្បិត​ទ្រង់​មាន​សេចក្ដី​សប្បុរស​យ៉ាង​ខ្លាំង ចំពោះ​ទូលបង្គំ
ទ្រង់​បាន​ប្រោស​ព្រលឹង​ទូលបង្គំ
ឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដ៏​ជ្រៅ​បំផុត
14ឱ​ព្រះ‌អង្គ​អើយ មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​លើក​គ្នា​ឡើង
ទាស់​នឹង​ទូលបង្គំ​ហើយ
មាន​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ
គេ​មិន​បាន​តាំង​ទ្រង់​នៅ​មុខ​គេ​ទេ
15តែ​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មេត្តា
ករុណា នឹង​អាណិត‌អាសូរ
ក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស
នឹង​សេចក្ដី​ពិត​ត្រង់​ជា​បរិបូរ
16ឱ​សូម​វិល​មក​ឯ​ទូលបង្គំ​វិញ
ហើយ​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង
សូម​ប្រទាន​កំឡាំង​របស់​ទ្រង់ មក​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់
ហើយ​ជួយ​សង្គ្រោះ​កូន​របស់​ស្ត្រី​ជា​អ្នក​បំរើ​ទ្រង់​ដែរ
17សូម​សំដែង​ទី​សំគាល់​១​ពី​សេចក្ដី​ល្អ
ដែល​នឹង​ប្រោស​ដល់​ទូលបង្គំ
ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ​បាន​ឃើញ
ហើយ​មាន​សេចក្ដី​ខ្មាស​វិញ
ដោយ​ព្រោះ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ជួយ
ហើយ​កំសាន្ត​ចិត្ត​នៃ​ទូលបង្គំ​ហើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 86: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល