ទំនុកដំកើង 74
74
ទំនុកជាសេចក្ដីបង្រៀនរបស់អេសាភ។
1ឱព្រះអង្គអើយ ហេតុអ្វីបានជា
ទ្រង់បោះបង់ចោលយើងខ្ញុំជាដរាប
ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើង
ទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ
2សូមនឹកចាំពីពួកជំនុំដែលទ្រង់រើសបាន
ពីកាលចាស់បុរាណ
ជាពួកដែលទ្រង់បានលោះសំរាប់ជាពូជអំបូរ
ដែលទ្រង់នឹងគ្រងជាមរដក
គឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ
3សូមទ្រង់លើកព្រះបាទយាងមកឯកន្លែងដែលនៅ
បាក់បែកជានិច្ច
គឺមកឯការអាក្រក់ទាំងប៉ុន្មាន ដែលពួកខ្មាំងសត្រូវ
បានធ្វើនៅក្នុងទីបរិសុទ្ធ។
4៙ ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ
នៅកណ្តាលជំនុំរបស់ទ្រង់
គេបានលើកទង់របស់គេឡើងជាទីសំគាល់
5គេមើលទៅដូចជាមនុស្សដែលលើកពូថៅឡើង
ប្រុងនឹងកាប់ព្រៃញឹក
6ឥឡូវនេះគេបំបាក់បំបែកអស់ទាំងក្បាច់ចំឡាក់
ដោយពូថៅ នឹងញញួរ
7ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់
ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី
8ដោយនឹកក្នុងចិត្តថា ចូរយើងកំទេចចេញឲ្យអស់
គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះ
ដែលនៅក្នុងស្រុកដែរ។
9៙ យើងខ្ញុំមិនឃើញទង់របស់យើងខ្ញុំទៀតទេ
ក៏គ្មានហោរាណាទៀតឡើយ
ហើយឥតមានអ្នកណាក្នុងពួកយើងខ្ញុំ
ដែលដឹងជាការនេះ នឹងបានដល់យូរប៉ុណ្ណាដែរ
10ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះ
ដល់កាលណា
តើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ
11ហេតុអ្វីបានជាទ្រង់ដកព្រះហស្ត
គឺព្រះហស្តស្តាំនៃទ្រង់ចេញដូច្នេះ
សូមទ្រង់ដកព្រះហស្តចេញពីព្រះឧរាមក
ហើយបំផ្លាញគេចុះ។
12៙ ប៉ុន្តែព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ
តាំងតែពីបុរាណមក
ទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី
13ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់
ក៏បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក
14ទ្រង់បានកិនកំទេចក្បាលរបស់ក្រពើ
ព្រមទាំងប្រទានសាច់វាទុកជាអាហារ
ដល់ពួកមនុស្សដែលនៅទីរហោស្ថាន
15ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹក
នឹងទឹកជ្រោះចេញមក
ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង
16ពេលថ្ងៃជារបស់ផងទ្រង់ ហើយពេលយប់ក៏ដែរ
ទ្រង់បានបង្កើតពន្លឺ នឹងដួងព្រះអាទិត្យ
17ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដី
ហើយកំណត់ឲ្យមានរដូវក្តៅ នឹងរដូវត្រជាក់។
18៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា
ពួកខ្មាំងសត្រូវបានត្មះតិះដៀល
ហើយថា សាសន៍១ដែលល្ងីល្ងើ
បានប្រមាថដល់ព្រះនាមទ្រង់ហើយ
19ឱសូមកុំប្រគល់ជីវិតនៃលលកទ្រង់ដល់សត្វព្រៃ
សូមកុំភ្លេចពួកមនុស្សកំសត់របស់ទ្រង់ជាដរាបឡើយ
20សូមទ្រង់យល់ដល់សេចក្ដីសញ្ញា
ដ្បិតអស់ទាំងទីងងឹតនៅផែនដី
បានពេញដោយទីអាស្រ័យនៃសេចក្ដីច្រឡោតហើយ
21ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ
ទាំងមានសេចក្ដីខ្មាសនោះឡើយ
សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត
បានសរសើរដល់ព្រះនាមទ្រង់វិញ។
22៙ ឱព្រះអង្គអើយ សូមឈរឡើង
ផ្ចាញ់គេពីដំណើរទ្រង់
សូមនឹកចាំពីបែបយ៉ាងណា
ដែលមនុស្សល្ងីល្ងើបានត្មះតិះដៀលដល់ទ្រង់
រាល់ថ្ងៃជានិច្ច
23សូមកុំភ្លេចពីសូរសំរែករបស់ពួកតតាំងនឹងទ្រង់
ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នា
មកទាស់នឹងទ្រង់
ដែលចេះតែឮឡើងជានិច្ចនោះឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 74: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.