ទំនុកដំកើង 4

4
ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
1ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ
កាល​ណា​ទូលបង្គំ​អំពាវ‌នាវ
នោះ​សូម​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក
វេលា​ណា​ដែល​ទូលបង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀត
នោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញ
ដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូលបង្គំ
ហើយ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ផង
2៙ ឱ​ពួក​មនុស្ស​ជាតិ​អើយ
តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​កិត្តិយស​របស់​អញ ក្លាយ​ប្រែ​ទៅ
ជា​អាប់‌យស ដល់​កាល​ណា​ទៀត
តើ​នឹង​ស្រឡាញ់​ការ​ឥត​ប្រយោជន៍ ហើយ​ស្វែង​រក
សេចក្ដី​ភូត‌ភរ ដល់​កាល​ណា​ទៀត។ បង្អង់
3៙ ប៉ុន្តែត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ញែក​មនុស្ស
ដែល​កោត‌ខ្លាច​ដល់​ទ្រង់​ចេញ ទុក​សំរាប់​ទ្រង់
ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ស្តាប់ ក្នុង​កាល​ដែល​អញ​អំពាវ‌នាវ​ដល់​ទ្រង់
4ដូច្នេះ ចូរ​មាន​ចិត្ត​ញ័រ​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ
ចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេក
ហើយ​នៅ​ស្ងៀម​ចុះ។ បង្អង់
5ចូរ​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​សុចរិត
ហើយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ
6មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា
តើ​អ្នក​ណា​នឹង​សំដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ
ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះ‌ភក្ត្រ​ទ្រង់ បាន​ភ្លឺ​មក​លើ
យើង​ខ្ញុំ​រាល់​គ្នា
7ទ្រង់​បាន​ប្រោស​ឲ្យ​ចិត្ត​ទូលបង្គំ​មាន​សេចក្ដី​អំណរ
លើស​ជាង​ពួក​ទាំង​នោះ ក្នុង​កាល​ដែល​ស្រូវ
នឹង​ទឹក​ទំពាំង‌បាយ‌ជូរ របស់​គេ​បាន​សំបូរ​ផង
8ទូលបង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្ដី​ស្ងប់
ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រោស
ឲ្យ​ទូលបង្គំ​នៅ​ដោយ​សាន្ត‌ត្រាណ​បាន។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល