ទំនុកដំកើង 35

35
ទំនុក​នៃ​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ទ្រង់​ការ‌ពារ​ទូលបង្គំ​ចំពោះ​ពួក​អ្នក​ដែល
តតាំង​នឹង​ទូលបង្គំ
សូម​ទ្រង់​តស៊ូ​នឹង​ពួក​អ្នក​ដែល​តស៊ូ​នឹង​ទូលបង្គំ​ផង
2សូម​ចាប់​យក​ទាំង​ខែល​តូច​ធំ ហើយ​ក្រោក​ឡើង​ជួយ​ទូលបង្គំ
3សូម​ងា​លំពែង​រាំង​ផ្លូវ​ពួក​អ្នក​ដែល​ដេញ​តាម​ទូលបង្គំ
សូម​មាន​បន្ទូល​មក​ព្រលឹង​ទូលបង្គំ​ថា
ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ទូលបង្គំ
4សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ង​អាក្រក់​ដល់​ព្រលឹង​ទូលបង្គំ
បាន​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​អាប់‌យស​ទៅ
សូម​ឲ្យ​អស់​អ្នក​ដែល​គិត​ប្រទូស‌រ៉ាយ​ដល់​ទូលបង្គំ
បាន​ត្រូវ​ថយ​ចេញ​ដោយ​ខ្មាស​វិញ
5សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ខ្យល់​ផាត់​ទៅ
ហើយ​ឲ្យ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ផង
6សូម​ឲ្យ​ផ្លូវ​គេ​បាន​ងងឹត ហើយ​រឥល
ព្រម​ទាំង​មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ដែរ
7ដ្បិត​គេ​បាន​លាក់​អន្ទាក់​នៅ​ក្នុង​រណ្តៅ
ដើម្បី​ចាប់​ទូលបង្គំ​ដោយ​ឥត​ហេតុ
គេ​បាន​ជីក​រណ្តៅ​ទាក់​ព្រលឹង​ទូលបង្គំ ដោយ​ឥត​ហេតុ
8សូម​ឲ្យ​សេចក្ដី​ហិន‌វិនាស​លោ​មក​លើ​គេ
ដោយ​ឥត​ដឹង​ខ្លួន
ហើយ​ឲ្យ​អន្ទាក់​ដែល​គេ​បាន​លាក់​នោះ ជាប់​ខ្លួន​គេ​វិញ
សូម​ឲ្យ​គេ​ធ្លាក់​ទៅ​ជាប់​អន្ទាក់​នោះ ហើយ​វិនាស​ទៅ​ផង
9នោះ​ព្រលឹង​ទូលបង្គំ​នឹង​មាន​សេចក្ដី​អំណរ
ក្នុង​ព្រះ‌យេហូវ៉ា
ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ
ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់
10អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​នឹង​ពោល​ថា
ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់
ដែល​ទ្រង់​ជួយ​មនុស្ស​ក្រីក្រ​ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន
អើ ទាំង​ពួក​ក្រីក្រនឹង​មនុស្ស​កំសត់​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន
11មាន​សាក្សី​កោង​លើក​គ្នា​ឡើង
គេ​ចោទ​សួរ​ពី​រឿង​ដែល​ទូលបង្គំ​មិន​ដឹង
12គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូលបង្គំ ស្នង​នឹង​ការ​ល្អ
ដើម្បី​ឲ្យ​ព្រលឹង​ទូលបង្គំ​ត្រូវ​នៅ​តែ​ឯង
13តែ​ឯ​ទូលបង្គំ កាល​គេ​បាន​ឈឺ នោះ​ទូលបង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ
ទូលបង្គំ​បាន​សំដែង​សេចក្ដី​ទុក្ខ ដោយ​តម​អត់​អាហារ
ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ
បាន​ត្រឡប់​ចូល​មក​ក្នុង​ទ្រូង​ខ្លួន​វិញ
14ទូលបង្គំ​បាន​ប្រព្រឹត្ត បែប​ដូច​ជា​អ្នក​នោះ​ជា​សំឡាញ់
ឬ​ជា​បង​ប្អូន
ទូលបង្គំ​បាន​ឱន​ខ្លួន​ដោយ​សេចក្ដី​សោក
ដូច​ជា​អ្នក​ដែល​កាន់​ទុក្ខ​ចំពោះ​ម្តាយ
15តែ​ក្នុង​គ្រា​ដែល​ទូលបង្គំ​កើត​មាន​សេចក្ដី​ទំនាស់​ចិត្ត
នោះ​គេ​បាន​អរ​សប្បាយ​វិញ ព្រម​ទាំង​ប្រជុំ​គ្នា​ផង
មនុស្ស​ចង្រៃ​នោះ គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូលបង្គំ
តែ​ទូលបង្គំ​មិន​បាន​ដឹង​ខ្លួន​សោះ គេ​បាន​ហែក​ទូលបង្គំ​ឥត​ឈប់‌ឈរ
16គេ​បាន​សំញែង​ធ្មេញ​ដាក់​ទូលបង្គំ
ដូច​ជា​ពួក​អ្នក​មាន​ពុត ដែល​ប្រមាថ
ក្នុង​ពេល​លៀង‌លោម​គ្នា
17ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ព្រងើយ​ចំពោះ​គេ
ដល់​កាល​ណា​ទៀត
សូម​ដោះ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេ
ហើយ​ដួង​ជីវិត​នៃ​ទូលបង្គំ​ឲ្យ​រួច​ពី​សិង្ហ
18ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំ
ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​មហា‌ជន
19សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ
មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឡើយ
ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ
បាន​មិច​ភ្នែក​ដាក់​គ្នា​ដែរ
20ដ្បិត​គេ​មិន​និយាយ​ដោយ​សេចក្ដី​មេត្រី​ទេ
គឺ​គេ​គិត​តែ​បង្កើត​សេចក្ដី​ភូត‌ភរ
ចំពោះ​មនុស្ស​ស្ងប់​រំងាប់​នៅ​ក្នុង​ស្រុក​វិញ
21អើ គេ​ហា​មាត់​ធំ​ទាស់​នឹង​ទូលបង្គំ ដោយ​ថា
ន៏ ន៏ ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ
22ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ដែរ
សូម​កុំ​នៅ​ស្ងៀម​ឡើយ
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឲ្យ​សោះ
23សូម​ទ្រង់​រឭក​ឡើង ហើយ​តើន​មក​វិនិច្ឆ័យ​ទូលបង្គំ
ដោយ​យុត្តិ‌ធម៌
ឱ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ
សូម​វិនិច្ឆ័យ​រឿង​ក្តី​នៃ​ទូលបង្គំ​ផង
24ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​វិនិច្ឆ័យ​ទូលបង្គំ​តាម​សេចក្ដី​សុចរិត​របស់​ទ្រង់
សូម​កុំ​ឲ្យ​គេ​មាន​សេចក្ដី​អំណរ
ដោយ​ឈ្នះ​ទូលបង្គំ​ឡើយ
25កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា ន៏ សម​ដូច​យើង​ប្រាថ្នា​ហើយ
កុំ​ឲ្យ​គេ​ថា យើង​បាន​លេប​វា​បាត់​ហើយ
26ឯ​អស់​អ្នក​ដែល​អរ​សប្បាយ
ដោយ​សេចក្ដី​អន្តរាយ​របស់​ទូលបង្គំ
នោះ​សូម​ឲ្យ​គេ​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ​ចុះ
ឯ​អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ
នោះ​សូម​ឲ្យ​គេ​ហ៊ុមហ ដោយ​សេចក្ដី​ខ្មាស
នឹង​អាប់‌យស​ទៅ
27តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត​របស់​ទូលបង្គំ
សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ
ហើយ​សប្បាយ​វិញ
អើ សូម​ឲ្យ​គេ​បាន​ពោល​ជានិច្ច​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា
បាន​ថ្កើង​រុងរឿង​ឡើង ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ
ចំពោះ​សេចក្ដី​ចំរើន​នៃ​អ្នក​បំរើ​ទ្រង់
28យ៉ាង​នោះ អណ្តាត​ទូលបង្គំ​នឹង​ថ្លែង​ប្រាប់
ពី​សេចក្ដី​សុចរិត​របស់​ទ្រង់
ហើយ​ពី​សេចក្ដី​សរសើរ​នៃ​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 35: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ