ទំនុកដំកើង 31:9-16

ទំនុកដំកើង 31:9-16 ពគប

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្ដី​សោយ​សោក ព្រម​ទាំង​ចិត្ត នឹង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ទូលបង្គំ ដោយ​ដំងូរ​ផង កំឡាំង​នៃ​ទូលបង្គំ​ចេះ​តែ​ខ្សោយ​ទៅ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ទូលបង្គំ ហើយ​អស់​ទាំង​ឆ្អឹង​ទូលបង្គំ​ក៏​ខ្សោះ​ទៅ​ដែរ ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ ដោយ​ព្រោះ​ពួក​តតាំង​នឹង​ទូលបង្គំ អើ ដល់​ទាំង​ពួក​អ្នក​ជិត​ខាង​នៃ​ទូលបង្គំ​ជា​ខ្លាំង ហើយ​ជា​សេចក្ដី​គួរ​ខ្លាច​ដល់​ពួក​ដែល​ធ្លាប់​ស្គាល់ ទូលបង្គំ​ផង ពួក​អ្នក​ដែល​បាន​ឃើញ​ទូលបង្គំ​នៅ​ខាង​ក្រៅ នោះ​ក៏​រត់​ចេញ​ពី​មុខ​ទូលបង្គំ​ទៅ មនុស្ស​បាន​ភ្លេច​ទូលបង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពី មនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយ ទូលបង្គំ​ក៏​ដូច​ជា​ឆ្នាំង​ដែល​បែក​ធ្លាយ​ដែរ ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញ ហើយ​កំពុង​ដែល​គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ទូលបង្គំ នោះ​ក៏​បង្កើត​កិច្ច‌កល​នឹង​ដក​ជីវិត​ទូលបង្គំ​ចេញ តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ឯ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ សូម​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ របស់​ទូលបង្គំ ហើយ​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ដល់​ទូលបង្គំ​ដែរ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់