ទំនុកដំកើង 25:1-15

ទំនុកដំកើង 25:1-15 ពគប

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​លើក ព្រលឹង​ថ្វាយ​ដល់​ទ្រង់ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឲ្យ​សោះ ប៉ុន្តែអស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ទ្រង់ នោះ​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​ពួក​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ ដែល​ត្រូវ​ខ្មាស​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ដល់​ទូលបង្គំ សូម​បង្រៀន​ទូលបង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់ សូម​នាំ ហើយ​បង្រៀន​ទូលបង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​មេត្តា ដ៏​ទន់​សន្តោស នឹង​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​សេចក្ដី​ទាំង​នោះ​មាន​នៅ​ពី​បុរាណ​រៀង​មក សូម​កុំ​នឹក​ចាំ​ពី​បាប​ដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូលបង្គំ​នោះ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិញ ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិ‌ធម៌ ហើយ​នឹង​បង្រៀន​មនុស្ស​រាប‌ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់ អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា សុទ្ធ​តែ​ប្រកប ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ការ​ទុច្ចរិត ដ៏​មាន​ទំងន់​របស់​ទូលបង្គំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ តើ​មាន​មនុស្ស​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រើស​យក ព្រលឹង​អ្នក​នោះ​នឹង​នៅ​ដោយ​សុខ‌សាន្ត ហើយ​ពូជ‌ពង្ស​របស់​អ្នក​នោះ​នឹង​បាន​ផែនដី​ជា​មរដក សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ទ្រង់​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​សញ្ញា​របស់​ទ្រង់ ភ្នែក​ទូលបង្គំ​មើល​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ដរាប ដ្បិត​ទ្រង់​នឹង​ដោះ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់