ទំនុកដំកើង 22:12-31

ទំនុកដំកើង 22:12-31 ពគប

មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូលបង្គំ​ជុំវិញ គឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសាន វា​បាន​ឡោម​ទូលបង្គំ​ជុំវិញ វា​ហា​មាត់​ដាក់​ទូលបង្គំ ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម ទូលបង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូលបង្គំ​ទុក​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ កំឡាំង​ទូលបង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំង អណ្តាត​ទូលបង្គំ​ជាប់​នៅ​ក្រអូម‌មាត់ ទ្រង់​បាន​នាំ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់ ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូលបង្គំ គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូលបង្គំ អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ គេ​យក​សំលៀក‌បំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង សូម​ដោះ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​ដាវ ហើយ​ដួង​ជីវិត​នៃ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ចេញ​ពី​មាត់​សិង្ហ អើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផង ដ្បិត​ទ្រង់​បាន​ស្តាប់​ទូលបង្គំ​ហើយ។ ៙ ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​សរសើរ​ដំកើងទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ ឯ​អ្នក​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ អស់​អ្នក​ដែល​ជា​ពូជ​យ៉ាកុប​អើយ ចូរ​ដំកើង​ទ្រង់​ឡើង អស់​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​អើយ ចូរ​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់​ចុះ ដ្បិត​ទ្រង់​មិន​បាន​មើល‌ងាយ ឬ​ខ្ពើម​ឆ្អើម ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្ស ដែល​គេ​រង​ទុក្ខ​នោះ​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​នោះ​ដែរ គឺ​កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​បាន​ស្តាប់​តាម ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូលបង្គំ​សរសើរ នៅ​ក្នុង​ជំនុំ​ធំ ទូលបង្គំ​នឹង​លា​បំណន់​របស់​ទូលបង្គំ នៅ​ចំពោះ​មុខ​ពួក អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ឯ​មនុស្ស​រាប‌ទាប គេ​នឹង​បាន​បរិភោគ​ឆ្អែត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នឹង​សរសើរ​ដល់​ទ្រង់ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ជានិច្ច គ្រប់​ទាំង​ទី​បំផុត​នៃ​ផែនដី នឹង​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​ត្រឡប់​បែរ​មក​ឯ​ទ្រង់ អស់​ទាំង​ពូជ‌ពង្ស​នៃ​នគរ​ទាំង‌ឡាយ នឹង​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ដ្បិត​អំណាច​គ្រប់‌គ្រង​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ចៅហ្វាយ​លើ​អស់​ទាំង​នគរ អស់​អ្នក​មាន​ចិត្ត​ស្កប់‌ស្កល់​នៅ​ផែនដី​នឹង​បរិភោគ ព្រម​ទាំង​ថ្វាយ‌បង្គំ​ផង អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ធូលី នឹង​ឱន​ក្រាប​នៅ​ចំពោះ​ទ្រង់ ហើយ​ទាំង​អ្នក​ដែល​មិន​អាច​នឹង​រក្សា​ជីវិត​ខ្លួន​បាន​ផង នឹង​មាន​ពូជ‌ពង្ស​១​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ គេ​នឹង​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់ ដល់​ដំណ​មនុស្ស ក្រោយ​ត​ទៅ គេ​នឹង​មក ហើយ​នឹង​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​មនុស្ស​១​ពួក ដែល​មិន​ទាន់​កើត​មក​ថា គឺ​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកដំកើង 22:12-31