ទំនុកដំកើង 116

116
1ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា
ដ្បិត​ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ
នឹង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ
2ហេតុ​ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់​ខ្ញុំ
បាន​ជា​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​អស់​១​ជីវិត
3ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំ
ហើយ​សេចក្ដី​ឈឺ‌ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
បាន​ចាប់​ខ្ញុំ
ខ្ញុំ​ក៏​កើត​មាន​ទុក្ខ​វេទនា នឹង​ព្រួយ​បារម្ភ
4នោះ​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា
ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់
សូម​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ផង
5ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា
នឹង​សេចក្ដី​សុចរិត
អើ ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​មាន​សេចក្ដី​អាណិត‌អាសូរ
6ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ទំនុក​បំរុង​មនុស្ស​ឆោត​ល្ងង់
ឯ​ខ្ញុំ​ក៏​បាន​ត្រូវ​គេ​បន្ទាប‌បន្ថោក​ម្តង
ហើយ​ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ
7ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ឯ​ទី​សំរាក​របស់​ខ្លួន​វិញ
ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រព្រឹត្ត ដោយ​គុណ​ដ៏​ប្រសើរ
8គឺ​ទ្រង់​បាន​ប្រោស​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់
នឹង​ឲ្យ​ខ្ញុំ​រួច​ពី​ការ​ស្រក់​ទឹក​ភ្នែក
ហើយ​ឲ្យ​ជើង​ខ្ញុំ​រួច​ពី​ការ​ចំពប់​ដួល​ផង
9ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
នៅ​ក្នុង​ស្ថាន​នៃ​មនុស្ស​រស់
10ខ្ញុំ​បាន​ជឿ​ហើយ បាន​ជា​ខ្ញុំ​ថា ខ្ញុំ​មាន​ទុក្ខ​ខ្លាំង​ណាស់
11ក្នុង​ការ​រួស‌រាន់​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា
មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត‌កុហក
12តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ‌យេហូវ៉ា
ចំពោះ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន
13គឺ​ខ្ញុំ​នឹង​ទទួល​យក​ពែង​នៃ​សេចក្ដី​សង្គ្រោះ
ហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
14ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា
អើ នៅ​មុខ​បណ្តាជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង
15ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ា
ជា​ការ​វិសេស​ដល់​ព្រះ‌នេត្រ​ទ្រង់
16ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ជា​ទាសា​របស់​ទ្រង់​ពិត
គឺ​ជា​ទាសា​របស់​ទ្រង់ ហើយ​ជា​កូន​នៃ​ទាសី​របស់​ទ្រង់
តែ​ទ្រង់​បាន​ស្រាយ​ចំណង​របស់​ទូលបង្គំ​ចេញ​ហើយ
17ទូលបង្គំ​នឹង​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់
18ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា
អើ នៅ​មុខ​បណ្តាជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង
19គឺ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ដំណាក់​ព្រះ‌យេហូវ៉ា
គឺ​នៅ​កណ្តាល​ឯង ឱ​ក្រុង​យេរូ‌សាឡិម​អើយ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 116: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល