ទំនុកដំកើង 11
11
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក
ធ្វើដូចម្តេចឲ្យអ្នកបាននិយាយនឹងខ្ញុំថា
ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ
2ដ្បិតមើល ពួកមនុស្សអាក្រក់គេយឹតធ្នូ
គេដំឡើងព្រួញនៅជាប់នឹងខ្សែ
ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់
3បើសិនជាគោលប្រធានត្រូវបំផ្លាញ
នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន
4ព្រះយេហូវ៉ាទ្រង់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់
ឯបល្ល័ង្កនៃព្រះយេហូវ៉ា នោះនៅលើស្ថានសួគ៌
ព្រះនេត្រទ្រង់ទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា
មើលមនុស្សជាតិទាំងឡាយ
5ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត
តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់
នឹងពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ
6ទ្រង់នឹងបង្អុរឲ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់
គឺជាភ្លើងឆេះ នឹងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ
នោះនឹងបានជាចំណែកក្នុងពែងរបស់គេ
7ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត
ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ
មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្រទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.