ទំនុកដំកើង 105
105
1ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា
ហើយអំពាវនាវដល់ព្រះនាមទ្រង់
ចូរសំដែងពីអស់ទាំងការរបស់ទ្រង់
នៅកណ្តាលសាសន៍ទាំងប៉ុន្មាន
2ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ
ឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
3ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះ
ត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា
មានចិត្តរីករាយឡើង
4ចូររកព្រះយេហូវ៉ា នឹងព្រះចេស្តារបស់ទ្រង់
ចូររកព្រះភក្ត្រទ្រង់ជានិច្ច
5ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើ
ហើយពីការចំឡែក នឹងបញ្ញត្តទាំងប៉ុន្មាន
ដែលចេញពីព្រះឱស្ឋទ្រង់មក
6ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបំរើទ្រង់
គឺអស់ទាំងកូនចៅរបស់យ៉ាកុប
ជាពួកអ្នករើសតាំងរបស់ទ្រង់អើយ
7ទ្រង់ជាព្រះនៃយើងខ្ញុំ ព្រះនាមជាព្រះយេហូវ៉ា
ឯបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ក៏នៅពេញពាសលើផែនដី
8ទ្រង់បាននឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ច
គឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
9ជាសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ
នឹងសម្បថដែលទ្រង់បានស្បថនឹងអ៊ីសាកផង
10ក៏បានតាំងសេចក្ដីនោះដល់យ៉ាកុបទុកជាច្បាប់
គឺដល់អ៊ីស្រាអែល សំរាប់ជាសេចក្ដីសញ្ញា
ដ៏នៅអស់កល្បជានិច្ច
11ដោយបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង
ទុកជាចំណែកមរដករបស់ឯង
12គ្រានោះ គេមានគ្នាចំនួនតិច
អើ មានតិចណាស់
ហើយក៏គ្រាន់តែស្នាក់នៅក្នុងស្រុកនោះផង
13គេជាអ្នកដើរចុះឡើង ពីនគរ១ទៅនគរ១
ហើយពីស្រុក១ទៅដល់សាសន៍១ទៀត
14តែទ្រង់មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើង
អើ ទ្រង់បានផ្ចាលទាំងពួកស្តេច
ដោយយល់ដល់គេ
15ដោយថា កុំឲ្យប៉ះពាល់នឹងអ្នក
ដែលអញបានចាក់ប្រេងតាំងឲ្យ
ហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ
16ទ្រង់បានបង្គាប់ឲ្យមានអំណត់កើតឡើងក្នុងស្រុក
ក៏បានផ្តាច់អស់ទាំងអាហារផង
17ទ្រង់បានចាត់មនុស្សម្នាក់ឲ្យទៅមុនគេ
គឺយ៉ូសែប ដែលត្រូវលក់ទៅធ្វើជាខ្ញុំបំរើ
18ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណង
ហើយមានច្រវាក់ដែកជាប់នៅប្រាណ
19ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់
ដរាបដល់កំណត់ដែលពាក្យគាត់បានសំរេច
20ទើបស្តេចបានចាត់គេទៅដោះលែងគាត់ចេញ
គឺជាអ្នកដែលគ្រប់គ្រងលើសាសន៍ផ្សេងៗបានស្រាយគាត់ឲ្យរួច
21ក៏បានតាំងគាត់ឡើង ឲ្យធ្វើជាម្ចាស់លើដំណាក់
ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យទាំងអស់
22ឲ្យមានអំណាចនឹងចាប់ចងពួកវង្សនៃស្តេចតាមចិត្តបាន
ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំនៃស្តេច
មានប្រាជ្ញា
23ឯអ៊ីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីព្ទដែរ
គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ
24ព្រះទ្រង់ក៏ចំរើនរាស្ត្រទ្រង់ឲ្យច្រើនឡើងក្រៃលែង
ព្រមទាំងឲ្យមានកំឡាំងលើសជាងពួក
ដែលតតាំងនឹងគេផង
25ទ្រង់បានបំផ្លាស់បំប្រែចិត្តសាសន៍នោះ
ឲ្យស្អប់ដល់រាស្ត្រទ្រង់វិញ
ឲ្យគេបានប្រព្រឹត្តដោយកិច្ចកលចំពោះពួកបំរើទ្រង់
26រួចទ្រង់ចាត់ប្រើម៉ូសេ ជាអ្នកបំរើទ្រង់
នឹងអើរ៉ុន ដែលទ្រង់បានរើសយក
27លោកទាំង២នោះក៏សំដែងទីសំគាល់របស់ទ្រង់
នៅកណ្តាលសាសន៍នោះ
នឹងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ
28ទ្រង់ចាត់ប្រើសេចក្ដីងងឹតមកបណ្តាលឲ្យស្រុកងងឹតទៅ
លោកមិនបានទទឹងនឹងព្រះបន្ទូលរបស់ទ្រង់ទេ
29ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាម
ហើយឲ្យត្រីទាំងអស់ស្លាប់ទៅ
30ស្រុកគេមានដេរដាសទៅដោយកង្កែប
រហូតដល់ទៅក្នុងបន្ទប់នៃស្តេចផង
31ទ្រង់មានបន្ទូល នោះក៏មានរុយទាំងហ្វូងៗមក
ក៏មានចៃនៅគ្រប់ក្នុងព្រំស្រុកគេ
32ទ្រង់ប្រទានឲ្យគេមានព្រឹលជំនួសភ្លៀង
ហើយភ្លើងក៏ឆេះនៅក្នុងស្រុកគេ
33ទ្រង់បានវាយអស់ទាំងដើមទំពាំងបាយជូរ
នឹងដើមល្វារបស់គេ
ក៏បំបាក់អស់ទាំងដើមឈើនៅព្រំទីរបស់គេ
34ទ្រង់មានបន្ទូល នោះក៏មានកណ្តូបមក
ព្រមទាំងចង្រិតឥតគណនា
35សត្វទាំងនោះបានស៊ីអស់ទាំងដំណាំក្នុងស្រុក
ក៏ស៊ីទាំងផលកើតពីដីរបស់គេដែរ
36ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេ
គឺជាដើមកំឡាំងរបស់គេទាំងប៉ុន្មាន
37ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក
មានជាប់ទាំងប្រាក់នឹងមាសផង
ឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយ
គ្រាកចិត្តឡើយ
38កាលគេបានចេញទៅផុតហើយ នោះពួកសាសន៍
អេស៊ីព្ទក៏អរសប្បាយ
ដ្បិតមានសេចក្ដីស្ញែងខ្លាចចំពោះពួកអ៊ីស្រាអែលជាខ្លាំង
39ទ្រង់បានលាតពពក សំរាប់គ្របបាំងគេ
ព្រមទាំងភ្លើង សំរាប់បំភ្លឺនៅពេលយប់
40គេទូលសូម នោះទ្រង់ក៏នាំហ្វូងក្រួចមក
ហើយបានចំអែតគេ ដោយអាហារនៃស្ថានសួគ៌
41ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមក
ហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ
42ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់
ហើយពីអ័ប្រាហាំ ជាអ្នកបំរើទ្រង់ដែរ
43ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្ដីរីករាយ
គឺជាពួកអ្នករើសតាំងរបស់ទ្រង់ ដោយច្រៀងបណ្តើរ
44ទ្រង់ក៏ប្រទានស្រុករបស់នគរដទៃទាំងប៉ុន្មានឲ្យដល់គេ
គេបានចាប់យកផលនៃស្នាដៃរបស់សាសន៍ទាំងនោះ
ទុកជារបស់ផងខ្លួន
45ដើម្បីឲ្យបានកាន់តាមសេចក្ដីបញ្ញត្តទ្រង់
ហើយប្រព្រឹត្តតាមក្រិត្យវិន័យរបស់ទ្រង់ផង
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 105: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.