សុភាសិត 31

31
1ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​ព្រះ‌មាតា​ទ្រង់​បាន​បង្រៀន​ទ្រង់​ទុក។
2ម៉េច​កូន​អើយ ម៉េច កូន​ដែល​កើត​ពី​ផ្ទៃ​អញ​អើយ ឱ​កូន​នៃ​បំណន់​អញ​អើយ តើ​ត្រូវ​ឲ្យ​អញ​ប្រាប់​ឯង​ដូច​ម្តេច 3គឺ​កុំ​ឲ្យ​បង់​កំឡាំង​ឯង​ប្រគល់​ពួក​ស្រី ឬ​អំពើ​ឯង​ដល់​ការ ដែល​បំផ្លាញ​ពួក​ស្តេច​ឡើយ 4ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច​បាន​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក​ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ 5ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្ត​ច្បាប់ ហើយ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​មនុស្ស​ដែល​កើត​ទុក្ខ​វេទនា​ចេញ។
6ចូរ​ឲ្យ​គ្រឿង​ស្រវឹង ដល់​អ្នក​ណា​ដែល​ហៀប​នឹង​វិនាស​ទៅ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក​ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ 7ឲ្យ​គេ​ផឹក​ចុះ ដើម្បី​ឲ្យ​បាន​ភ្លេច​សេចក្ដី​កំសត់​ទុគ៌ត​របស់​គេ ឥត​នឹក​ចាំ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ត​ទៅ​ទៀត 8ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​ពួក​អ្នក​ដែល​ឥត​មាន​អ្នក​ណា​ជួយ 9ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​មនុស្ស​កំសត់​ទុគ៌ត នឹង​មនុស្ស​ក្រ​លំបាក​ដែរ។
10ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​ដំឡៃ​ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត 11ប្ដី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ 12នាង​ធ្វើ​ឲ្យ​ប្ដី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ រហូត​ដល់​អស់​១​ជីវិត​នាង 13នាង​រក​រោម​ចៀមនឹង​ខ្លូត‌ទេស ក៏​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត 14នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ 15នាង​ក្រោក​ពី​ដេក​តាំង​ពី​នៅ​ងងឹត​នៅ​ឡើយ ក៏​ចាត់‌ចែង​អាហារ​ឲ្យ​ពួក​ផ្ទះ ហើយ​បង្គាប់​ការ​ដល់​ពួក​បាវ​ស្រី​ទាំង​ប៉ុន្មាន 16នាង​ពិចារណា​មើល​ចំការ​១ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ 17នាង​ទំលាប់​ចង្កេះ​ឲ្យ​មាន​កំឡាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ 18នាង​ឃើញ​ថា ទំនិញ​របស់​នាង​សុទ្ធ​តែ​មាន​កំរៃ ហើយ​យប់ៗ​ចង្កៀង​នាង​មិន​រលត់​ទេ 19នាង​ចាប់​យក​ហុង ហើយ​ម្រាម​ដៃ​ក៏​កាន់​ខ្នារ 20នាង​ឈោង​ដៃ​ដល់​មនុស្ស​កំសត់​ទុគ៌ត អើ នាង​ហុច​ដៃ​ទៅ​ជួយ​មនុស្ស​ក្រ​លំបាក​ផង 21ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់​ស‌ក្លាត​ពណ៌​ក្រហម 22នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សំលៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ 23កាល​ណា​ប្ដី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ចំណោម​នៃ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ 24នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សំរាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ 25នាង​មាន​កំឡាំងនឹង​លំអ​ជា​គ្រឿង​អម្ពរ ក៏​នឹក​សើច​ពី​ហេតុ​ណា​ដែល​កើត​បាន​នៅ​ខាង​មុខ 26នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្តាត​នាង​មាន​សេចក្ដី​សប្បុរស 27នាង​ថែ​មើល​អស់​ទាំង​ផ្លូវ​របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ 28កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា 29មាន​ស្រីៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត​ដោយ​គ្រប់​លក្ខណ៍ តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់។
30រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ 31ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នាដៃ​របស់​នាង​បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ។:៚

ទើបបានជ្រើសរើសហើយ៖

សុភាសិត 31: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល