សុភាសិត 14

14
1គ្រប់​ទាំង​ស្រីៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងី‌ល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ។
2អ្នក​ណា​ដែល​ដើរ​ដោយ​សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល‌ងាយ​ទ្រង់​វិញ។
3នៅ​ក្នុង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​មាន​រំពាត់​សំរាប់​បង្ក្រាប​សេចក្ដី​អំនួត​របស់​វា តែ​បបូរ​មាត់​មនុស្ស​ប្រាជ្ញ​នឹង​ការ‌ពារ​ខ្លួន​គេ​វិញ។
4ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កំឡាំង​គោ​នោះ​ឯង ដែល​នឹង​ចំរើន​កើន​ឡើង​បាន។
5សាក្សី​ស្មោះ‌ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ​តែង‌តែ​ពោល​ពាក្យ​ភូត‌ភរ​វិញ។
6មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា​ដែល​មាន​យោបល់។
7ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ​នៅ​បបូរ​មាត់​វា​មិន​បាន។
8ឯ​ប្រាជ្ញា​របស់​មនុស្ស​វាង‌វៃ នោះ​គឺ​ឲ្យ​បាន​យល់​ផ្លូវ​របស់​ខ្លួន តែ​សេចក្ដី​ចំកួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ឆ‌បោក​ទទេ។
9មនុស្ស​ល្ងី‌ល្ងើ​រមែង​សើច​ឡក​ចំពោះ​អំពើ​បាប តែ​នៅ​ក្នុង​ពួក​មនុស្ស​សុចរិត តែង​មាន​សេចក្ដី​រាប់​អាន​គ្នា។
10ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃ នឹង​ទទួល​ចំណែក​ក្នុង​សេចក្ដី​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។
11ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រំលំ តែ​ខ្ទម​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ចំរើន​កើន​ឡើង​វិញ។
12មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម‌ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់​វិញ។
13នៅ​វេលា​កំពុង​តែ​សើច​សប្បាយ គង់​តែ​ចិត្ត​មាន​សេចក្ដី​សៅ‌សោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្ដី​អំណរ គឺ​ជា​ធ្ងន់​ទ្រូង​វិញ។
14អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ​វិញ នោះ​នឹង​បាន​ឆ្អែត​ក្នុង​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​នឹង​បាន​ស្កប់‌ស្កល់​អំពី​ក្នុង​ចិត្ត​ខ្លួន​ឯង​វិញ។
15មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត។
16មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត‌ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​មាន​ចិត្ត​ចើង‌ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ។
17អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង‌តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។
18មនុស្ស​ឆោត​ល្ងង់ គេ​គ្រង​បាន​សេចក្ដី​ចំកួត ទុក​ជា​មរដក តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​បាន​ពាក់​ដំរិះ​ជា​មកុដ​វិញ។
19មនុស្ស​អាក្រក់​រមែង​ឱន​ចុះ នៅ​ចំពោះ​មនុស្ស​ល្អ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ក៏​ក្រាប​ចុះ​នៅ​មាត់​ទ្វារ​នៃ​មនុស្ស​សុចរិត​ដែរ។
20មនុស្ស​ក្រ​ជា​ទី​ស្អប់​ខ្ពើម ដល់​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង តែ​ឯ​អ្នក​មាន​វិញ គេ​មាន​មិត្រ​សំឡាញ់​ច្រើន។
21អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។
22មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ​ទេ​តើ ប៉ុន្តែឯ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​ល្អ​វិញ នោះ​នឹង​បាន​សេចក្ដី​មេត្តា នឹង​សេចក្ដី​ពិត។
23អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កំរៃ តែ​សំដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។
24ទ្រព្យ​សម្បត្តិ​ជា​មកុដ​ដល់​មនុស្ស​ប្រាជ្ញ តែ​សេចក្ដី​ចំកួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចំកួត​សុទ្ធ។
25សាក្សី​ទៀង​ត្រង់ រមែង​ដោះ​ព្រលឹង​មនុស្ស​ឲ្យ​រួច តែ​សាក្សី​មិន​ទៀង​ត្រង់ នោះ​ពោល​ពាក្យ​ភូត‌ភរ​វិញ។
26មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។
27សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
28ដែល​ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​រាស្ត្រ​ជា​ច្រើន ឯ​ចៅហ្វាយ បើ​គ្មាន​បណ្តាជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។
29អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ​នោះ​សំញែង​សេចក្ដី​ចំកួត​របស់​ខ្លួន​វិញ។
30ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក‌រលួយ​ដល់​ឆ្អឹង​វិញ។
31អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដ៏​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​ដំកើង​ទ្រង់​វិញ។
32មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់​ក្នុង​កាល​ដែល​ស្លាប់​វិញ។
33មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់ តែ​សេចក្ដី​ដែល​នៅ​ខាង​ក្នុង​មនុស្ស​ល្ងី‌ល្ងើ នោះ​រមែង​សំដែង​ចេញ​មក។
34សេចក្ដី​សុចរិត​រមែង​លើក​ដំកើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស​ដល់​សាសន៍​ណាៗ​ក៏​ដោយ។
35មហា‌ក្សត្រ​តែង​ផ្តល់​គុណ ដល់​អ្នក​បំរើ​ណា​ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នឹង​ទាស់​ចំពោះ​អ្នក​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​ខ្មាស​វិញ។

ទើបបានជ្រើសរើសហើយ៖

សុភាសិត 14: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល