សុភាសិត 11
11
1ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទំងន់ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
2កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
3សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវគេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
4ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ។
5សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងដំរង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
6ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
7កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។
8មនុស្សសុចរិតរមែងរួចពីសេចក្ដីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។
9មនុស្សទមិលល្មើសតែងបំផ្លាញអ្នកជិតខាងដោយសារមាត់ខ្លួន តែដំរិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
10គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។
11ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពររបស់មនុស្សទៀងត្រង់ តែដោយសារមាត់របស់មនុស្សអាក្រក់ នោះត្រូវរលំវិញ។
12អ្នកណាដែលមើលងាយ ចំពោះអ្នកជិតខាងខ្លួន នោះឥតមានប្រាជ្ញាទេ តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។
13អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
14ទីណាដែលឥតមានអ្នកប្រាជ្ញនាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្ដីសុខវិញ។
15អ្នកណាដែលធានាឲ្យអ្នកដទៃ នោះនឹងត្រូវពិបាកណាស់ តែអ្នកណាដែលមិនចូលចិត្តនឹងការធានា នោះនឹងបានសុខវិញ។
16ស្ត្រីណាដែលមានអធ្យាស្រ័យល្អ នោះតែងរក្សាទុកនូវកិត្តិសព្ទ ដូចជាមនុស្សប្រិតប្រៀបដែលរក្សាទ្រព្យសម្បត្តិដែរ។
17មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
18មនុស្សអាក្រក់បានកំរៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។
19ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
20អ្នកណាដែលមានចិត្តវៀច នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែអ្នកណាដែលគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួនប្រព្រឹត្ត នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
21ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួច។
22ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ នោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក។
23សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត នោះសុទ្ធតែល្អ តែសេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នោះត្រូវខាងសេចក្ដីក្រេវក្រោធវិញ។
24មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
25មនុស្សដែលមានចិត្តសទ្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
26ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្តាជននឹងប្រទេចផ្តាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាលនៃអ្នកណាដែលលក់ឲ្យវិញ។
27អ្នកណាដែលព្យាយាមស្វែងរកសេចក្ដីល្អ នោះរមែងបានគេរាប់អានដល់ខ្លួនដែរ តែអ្នកណាដែលស្វែងរកតាមអាក្រក់ ការអាក្រក់នឹងកើតដល់អ្នកនោះឯង។
28អ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្តិខ្លួន នោះនឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងចំរើនឡើង ដូចជាស្លឹកឈើខៀវខ្ចី។
29អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមរដក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបំរើដល់មនុស្សប្រាជ្ញ។
30ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។
31មើល ពួកមនុស្សសុចរិតនឹងទទួលបានរង្វាន់នៅផែនដីទៅហើយ ចុះឯមនុស្សអាក្រក់ នឹងមនុស្សមានបាប តើនឹងទទួលសំណងលើសជាងអំបាលម៉ានទៅ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.