នេះជាសុភាសិតរបស់សាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។ ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។ ព្រះយេហូវ៉ាទ្រង់មិនព្រមឲ្យព្រលឹងនៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែទ្រង់ច្រានសេចក្ដីលោភរបស់មនុស្សអាក្រក់ចេញ។ អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។ ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុកនៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចំរូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។ អំណោយពរ រមែងស្ថិតលើក្បាលនៃមនុស្សសុចរិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់វិញ។ សេចក្ដីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ។ អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។ អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។ អ្នកណាដែលមិចភ្នែក នោះរមែងនាំឲ្យកើតទុក្ខ ហើយមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះក៏នឹងត្រូវដួលចុះ។ មាត់នៃមនុស្សសុចរិត ជាអណ្តូងជីវិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់។ ឯសេចក្ដីសំអប់ នោះបណ្តាលឲ្យកើតមានហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។ នៅបបូរមាត់របស់មនុស្សមានយោបល់ នោះឃើញមានប្រាជ្ញា តែមានរំពាត់សំរាប់ខ្នងនៃមនុស្សណាដែលឥតមានដំរិះវិញ។ មនុស្សប្រាជ្ញ តែងប្រមូលចំណេះទុក តែឯមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។ ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងមាំមួនដល់គេ សេចក្ដីហិនវិនាសរបស់មនុស្សក្រ គឺជាសេចក្ដីទាល់ក្ររបស់គេ។ កិច្ចការដែលមនុស្សសុចរិតធ្វើ នោះគឺសំរាប់ចិញ្ចឹមជីវិត តែផលរបស់មនុស្សអាក្រក់ សំរាប់តែធ្វើបាបវិញ។
អាន សុភាសិត 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 10:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ