សុភាសិត 1:1-19

សុភាសិត 1:1-19 ពគប

នេះ​ជា​សុភាសិត​របស់​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា​នៃ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រាអែល សំរាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ឲ្យ​បាន​យល់​អស់​ទាំង​សេចក្ដី​ដែល​ត្រូវ​ខាង​យោបល់ ក៏​សំរាប់​ឲ្យ​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម‌ត្រូវ​នៃ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​ទៀង​ត្រង់ ហើយ​សំរាប់​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​សេចក្ដី​ឆ្លៀវ‌ឆ្លាត នឹង​ឲ្យ​មនុស្ស​កំឡោះ​មាន​ដំរិះ ហើយ​នឹង​សតិ‌បញ្ញា​នឹង‌ធឹង ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្ដី​ទូន្មាន​មាំ‌ទាំ ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត នឹង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ នឹង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល‌ងាយ​ប្រាជ្ញា នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។ នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ‌បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង នោះ​កុំ​ឲ្យ​ព្រម​តាម​គេ​ឡើយ បើ​គេ​ថា ចូរ​មក​ជា​មួយ​នឹង​យើង​ចុះ យើង​នឹង​រង់‌ចាំ​ឱកាស​កំចាយ​ឈាម យើង​នឹង​អែប​លប​ដោយ​សំងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ យើង​នឹង​បាន​ប្រទះ​របស់​មាន​ដំឡៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំនៅ​យើង​ដោយ​របឹប ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​១​ប៉ុណ្ណោះ កូន​អើយ កុំ​ឲ្យ​ឯង​ដើរ​ក្នុង​ផ្លូវ​ជា​មួយ​នឹង​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ផ្លូវ​ច្រក​របស់​គេ​វិញ ដ្បិត​ជើង​គេ​រត់​តាម​តែ​សេចក្ដី​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ផង ពី​ព្រោះ​ការ​ដែល​ដាក់​លប់ នៅ​ចំពោះ​សត្វ​ហើរ ឲ្យ​វា​ឃើញ​នោះ​ឥត​ប្រយោជន៍​ទេ ឯ​ពួក​នោះ គេ​រង់‌ចាំ​តែ​នឹង​កំចាយ​ឈាម​របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សំងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ ចំណែក​អស់​អ្នក​ដែល​លោភ​ចង់​បាន​កំរៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត​ចេញ​ពី​អស់​អ្នក​ដែល​បណ្តោយ​តាម​ផង។

អាន សុភាសិត 1