ភីលីព 4:1-13

ភីលីព 4:1-13 ពគប

ដូច្នេះ បង​ប្អូន ជា​ពួក​ស្ងួន‌ភ្ងា ហើយ​ជា​ទី​រឭក ជា​ទី​ត្រេក‌អរ ហើយ​ជា​មកុដ​របស់​ខ្ញុំ​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា នឹង​នាង​ស៊ុន‌ទីច​ដែរ ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូ‌កន​ស្មោះ‌ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​២​នោះ ដែល​បាន​តតាំង​ជា​១​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​នឹង​អ្នក​ក្លេមេន នឹង​គូ‌កន​ខ្ញុំ​ឯ​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។ ចូរ​អរ​សប្បាយ ក្នុង​ព្រះ‌អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សំឡូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជិត​ដល់​ហើយ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ‌ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។ មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ ហើយ​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជានិច្ច​ដែរ តែ​រក​ឱកាស​គ្មាន ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត‌ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ

អាន ភីលីព 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 4:1-13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ