ភីលេ‌ម៉ូន 1:1-14

ភីលេ‌ម៉ូន 1:1-14 ពគប

សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ នឹង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួន‌ភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួន‌ភ្ងា នឹង​អ្នក​អើឃីព ជា​គូ‌កន​ត‌យុទ្ធ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​អ្នក​ដែរ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​អធិស្ឋាន​ផង ដោយ​បាន​ឮ​និយាយ​ពី​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ជំនឿ ដែល​អ្នក​មាន​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ខ្ញុំ​សូម​ឲ្យ​សេចក្ដី​ប្រកប​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សំរាប់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដ្បិត ឱ​ប្អូន​អើយ យើង​ខ្ញុំ​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​ក្សាន្ត​ចិត្ត​ជា​ខ្លាំង​ដែរ ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ពី​ព្រោះ​ចិត្ត​នៃ​ពួក​បរិសុទ្ធ បាន​ស្បើយ​ល្ហែ ដោយ‌សារ​អ្នក។ ដូច្នេះ ទោះ​បើ​ខ្ញុំ​មាន​អំណាច​ជា​ច្រើន ក្នុង​ព្រះ‌គ្រីស្ទ នឹង​អាច​បង្គាប់​ឲ្យ​អ្នក​ធ្វើ​ការ​ដែល​គួរ​គប្បី​នេះ​ក៏​ដោយ គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​វិញ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេ‌ស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់ ដើម្បី​ឲ្យ​គាត់​បំរើ​ខ្ញុំ​ជំនួស​អ្នក ដែល​ខ្ញុំ​នៅ​ជាប់​ចំណង ដោយ​ព្រោះ​ដំណឹង​ល្អ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ

អាន ភីលេ‌ម៉ូន 1