ជន‌គណនា 7

7
1រីឯ​នៅ​ថ្ងៃ​ដែល​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​ជា​ស្រេច ហើយ​បាន​លាប​ប្រេង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន នឹង​អាសនា ហើយ​គ្រឿង​នៃ​អាសនា​ទាំង​ប៉ុន្មាន ដោយ​លាប​ប្រេង ញែក​ចេញ​បរិសុទ្ធ 2នោះ​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ថ្វាយ​ដង្វាយ អ្នក​ទាំង​នោះ​ជា​កំពូល​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ដែល​បាន​ត្រួត​លើ​ការ​រាប់​ពួក​បណ្តាជន​ទាំង‌ឡាយ 3គេ​ក៏​យក​ដង្វាយ​របស់​ខ្លួន​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​រទេះ​ផ្ទុរ​៦ នឹង​គោ​១២ គឺ​២​នាក់​ថ្វាយ​រទេះ​១ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយៗ គេ​នាំ​យក​ដង្វាយ​នេះ មក​នៅ​មុខ​រោង​ឧបោសថ។
4ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ម៉ូសេ​ថា 5ចូរ​ទទួល​ពី​គេ​ចុះ ដើម្បី​នឹង​ប្រើ​សំរាប់​ការ‌ងារ​នៃ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​ពួក​លេវី តាម​ក្រសួង​របស់​គេ​រៀង​ខ្លួន 6ដូច្នេះ ម៉ូសេ​ក៏​ទទួល​រទេះ​ទាំង​នោះ ព្រម​ទាំង​គោ​ផង ប្រគល់​ឲ្យ​ដល់​ពួក​លេវី 7លោក​ឲ្យ​រទេះ​២ នឹង​គោ​២​នឹម​ទៅ​ពួក​កូន​ចៅ​គើសុន តាម​ក្រសួង​គេ 8ហើយ​រទេះ​៤ នឹង​គោ​៤​នឹម ទៅ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ក្រសួង​គេ នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ 9តែ​មិន​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​កេហាត់​ទេ ពី​ព្រោះ​ក្រសួង​គេ​ត្រូវ​ខាង​ទី​បរិសុទ្ធ គេ​ត្រូវ​តែ​លី‌សែង​វិញ។
10ពួក​ដែល​ជា​កំពូល​ទាំង​នោះ ក៏​ថ្វាយ​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង គឺ​គេ​នាំ​យក​ដង្វាយ​គេ​មក​នៅ​មុខ​អាសនា 11រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ត្រូវ​ឲ្យ​ពួក​ដែល​ជា​កំពូល​នេះ​ថ្វាយ​ដង្វាយ​របស់​គេ ក្នុង​១​ថ្ងៃ​ម្នាក់ សំរាប់​បុណ្យ​ឆ្លង​អាសនា។
12ឯ​អ្នក​ដែល​ថ្វាយ​ដង្វាយ​របស់​ខ្លួន ក្នុង​ថ្ងៃ​មុន​ដំបូង នោះ​គឺ​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ក្នុង​ពូជ​អំបូរ​យូដា 13ហើយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 14កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 15គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 16ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 17ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់។
18នៅ​ថ្ងៃ​ទី​២ នោះ​នេថា‌នេល ជា​កូន​ស៊ូហារ ជា​កំពូល​លើ​ពូជ​អំបូរ​អ៊ីសាខារ​ក៏​ថ្វាយ 19លោក​ថ្វាយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 20កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 21គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 22ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 23ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​នេថា‌នេល ជា​កូន​ស៊ូហារ។
24នៅ​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ជា​អេលាប ជា​កូន​ហេល៉ូន ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន 25ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សំរាប់​ជា​ដង្វាយ​ម្សៅ 26កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 27គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជាង​ដង្វាយ​ដុត 28ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 29ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលាប ជា​កូន​ហេល៉ូន។
30នៅ​ថ្ងៃ​ទី​៤ នោះ​ត្រូវ​ជា​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន 31ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 32កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 33គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 34ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 35ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ។
36នៅ​ថ្ងៃ​ទី​៥ នោះ​ត្រូវ​ជា​ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន 37ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 38កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 39គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 40ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 41ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ។
42នៅ​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ជា​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់ 43ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន​គោម​ប្រាក់១ ទំងន់​៧០ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 44កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 45គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 46ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 47ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល។
48នៅ​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ជា​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ជា​កំពូល​លើ​ពួក​កូន​ចៅ​អេប្រា‌អិម 49ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 50កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 51គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 52ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 53ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត។
54នៅ​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ជា​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ជា​កំពូល​លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ 55ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 56កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 57គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 58ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 59ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ។
60នៅ​ថ្ងៃ​ទី​៩ នោះ​ត្រូវ​ជា​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ជា​កំពូល​លើ​ពួក​កូន​ចៅ​បេន‌យ៉ាមីន 61ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សំរាប់​ជា​ដង្វាយ​ម្សៅ 62កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 63គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 64ពពែ​ឈ្មោះ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 65ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី។
66នៅ​ថ្ងៃ​ទី​១០ នោះ​ត្រូវ​ជា​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ដាន់ 67ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 68កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 69គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 70ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 71ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ។
72នៅ​ថ្ងៃ​ទី​១១ នោះ​ត្រូវ​ជា​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន ជា​កំពូល​លើ​ពួក​កូន​ចៅ​អេស៊ើរ 73ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 74កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 75គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 76ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 77ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន។
78នៅ​ថ្ងៃ​ទី​១២ នោះ​ត្រូវ​ជា​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ជា​កំពូល​លើ​ពួក​កូន​ចៅ​ណែប‌ថាលី 79ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ 80កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន 81គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត 82ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប 83ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ហ៊ីរ៉ា ជា​កូន​អេណាន់។
84នេះ​ជា​ដង្វាយ​របស់​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង​នោះ រួម​ទាំង​អស់​គឺ​ជា​ថាស​ប្រាក់​១២ ចាន‌គោម​ប្រាក់​១២ កូន​ចាន​មាស​១២ 85ឯ​ថាស​ប្រាក់​នីមួយៗ​មាន​ទំងន់​១៣០​ដំឡឹង ហើយ​ចាន‌គោម​នីមួយៗ​មាន​ទំងន់​៧០​ដំឡឹង បូក​រួម​ប្រាក់​ក្នុង​គ្រឿង​ទាំង​នោះ​ទៅ ត្រូវ​ជា​២​ពាន់​៤០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ 86ឯ​កូន​ចាន​មាស​១២​ដែល​ដាក់​ពេញ​ដោយ​កំញាន នោះ​នីមួយៗ​មាន​ទំងន់​១០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ រួម​ទំងន់​មាស​ទាំង​ប៉ុន្មាន​ក្នុង​កូន​ចាន​ទាំង​នោះ​ទៅ​ត្រូវ​ជា​១២០​ដំឡឹង 87ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​ដុត នោះ​គឺ​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​១២ នឹង​កូន​ចៀម​ឈ្មោល​១២​អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​នោះ​ផង ហើយ​ពពែ​ឈ្មោល​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប 88ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ នឹង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។
89រួច​កាល​ម៉ូសេ​បាន​ចូល​ទៅ​ទូល​នឹង​ព្រះ ក្នុង​ត្រសាល​ជំនុំ នោះ​លោក​ឮ​សំឡេង​មាន​បន្ទូល​មក​ពី​លើ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​ពី​កណ្តាល​ចេរូប៊ីន​ទាំង​២ ហើយ​លោក​ក៏​ទូល​តប​នឹង​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 7: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ