ជន‌គណនា 10

10
1ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា 2ចូរ​យក​ប្រាក់​មក​ផែ ធ្វើ​ជា​ត្រែ​២​សំរាប់​ឯង ត្រូវ​ប្រើ​ត្រែ​នោះ​សំរាប់​នឹង​ផ្លុំ​ហៅ​ពួក​ជំនុំ​ឲ្យ​មូល​គ្នា ហើយ​នឹង​សំរាប់​ឲ្យ​បណ្តាជន​ធ្វើ​ដំណើរ​ទៅ 3កាល​ណា​គេ​ផ្លុំ​ឡើង នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​ប្រជុំ​មក​ឯ​ឯង ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ 4បើ​ផ្លុំ​តែ​ម្តង នោះ​ពួក​ដែល​ជា​កំពូល គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ត្រូវ​ប្រជុំ​គ្នា​មក​ឯ​ឯង 5កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​១​ដង នោះ​ពួក​ដែល​ដំឡើង​ត្រសាល​ខាង​កើត​ត្រូវ​ចេញ​ដំណើរ​ទៅ 6ហើយ​កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​ម្តង​ទៀត នោះ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ខាង​ត្បូង ត្រូវ​ចេញ​ដំណើរ​ទៅ ត្រូវ​ផ្លុំ​ឲ្យ​មាន​សំឡេង​រន្ថាន់ ដើម្បី​ឲ្យ​គេ​ធ្វើ​ដំណើរ​ទៅ​ដូច្នេះ 7តែ​កាល​ណា​ត្រូវ​ប្រជុំ​ពួក​ជំនុំ នោះ​ត្រូវ​ផ្លុំ​ដែរ តែ​ឥត​មាន​សំឡេង​រន្ថាន់​ទេ 8ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​ពួក​សង្ឃ​ផ្លុំ​ត្រែ​នោះ ហើយ​ត្រែ​នោះ​ឯង​ជា​បញ្ញត្ត​ច្បាប់​ដល់​ឯង​រាល់​គ្នា នៅ​អស់​‌កល្ប​ជានិច្ច គ្រប់​ទាំង​ដំណ​ត​ទៅ 9បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ ដែល​មក​សង្កត់‌សង្កិន​ក្នុង​ស្រុក​របស់​ឯង នោះ​ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​មាន​សំឡេង​ស្លន់ ទើប​នឹង​មាន​សេចក្ដី​នឹក​រឭក​ពី​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​នឹង​មាន​សេចក្ដី​សង្គ្រោះ ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​ខ្មាំង​សត្រូវ​ចេញ 10រីឯ​នៅ​ថ្ងៃ​អំណរ នឹង​នៅ​ថ្ងៃ​បុណ្យ​ដ៏​មុត‌មាំ​របស់​ឯង​រាល់​គ្នា ហើយ​នៅ​ថ្ងៃ​ចូល​ខែ នោះ​ឯង​ត្រូវ​ផ្លុំ​ត្រែ​ពី​លើ​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា នៃ​ដង្វាយ​មេត្រី​របស់​ឯង នោះ​នឹង​មាន​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​នៃ​ឯង អញ​នេះ​ហើយ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង។
11ដល់​ថ្ងៃ​២០ ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ នោះ​ពពក​ក៏​ឡើង​ផុត​ពី​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់ 12រួច​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដើរ​ទៅ​តាម​របៀប​ដែល​គេ​ដើរ​មុន​ក្រោយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន 13នៅ​ជាន់​មុន​ដំបូង​នោះ គេ​ចេញ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ម៉ូសេ 14ឯ​ទី​១ នោះ​មាន​ទង់‌ជ័យ​នៃ​ទី​ដំឡើង​ត្រសាល​របស់​ពួក​កូន​ចៅ​យូដា នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់​ត្រួត​លើ​ពួក​កង​គេ 15ហើយ​នេថា‌នេល​ជា​កូន​ស៊ូហារ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អ៊ីសាខារ 16នឹង​អេលាប ជា​កូន​ហេល៉ូន ត្រួត​លើ​ពួក​កង​នៃ​ពូជ​អំបូរ​កូន​ចៅ​សាប់‌យូល៉ូន 17នោះ​បាន​រុះ​រោង​ឧបោសថ ហើយ​ពួក​កូន​ចៅ​គើសុន នឹង​ពួក​កូន​ចៅ​ម្រ៉ារី ក៏​ចេញ​ទៅ​ទាំង​លី‌សែង​រោង​នោះ 18បន្ទាប់​មក មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​រូបេន នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ​ត្រួត​លើ​ពួក​កង​គេ 19ហើយ​ស៊្លូមាល​ជា​កូន​ស៊ូរី‌សាដាយ​ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ស៊ីម្មាន 20នឹង​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​កាឌ់ 21រួច​មក ពួក​កេហាត់​ក៏​ចេញ​ទៅ​ទាំង​លី‌សែង​ទី​បរិសុទ្ធ ហើយ​ពួក​មុន​នោះ​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​គេ​មក​ដល់ 22រួច​មាន​ទង់‌ជ័យ​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​អេប្រា‌អិម នាំ​គ្នា​ចេញ​ទៅ តាម​ពួក​កង​គេ មាន​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ត្រួត​លើ​ពួក​កង​គេ 23ហើយ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ម៉ាន៉ាសេ 24នឹង​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​បេន‌យ៉ាមីន 25រួច​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​ដាន់ នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ត្រួត​លើ​ពួក​កង​គេ​ជា​ខាង​ក្រោយ​បង្អស់ 26ហើយ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន​ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អេស៊ើរ 27នឹង​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ត្រួត​លើ​ពួក​កង របស់​ពូជ​អំបូរ​កូន​ចៅ​ណែប‌ថាលី 28គឺ​យ៉ាង​នេះ​ហើយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​តែង​ធ្វើ​ដំណើរ​ទៅ គេ​ចេញ​ដើរ​ទៅ​តាម​ពួក​កង​គេ​រៀង​ខ្លួន។
29រីឯ​ម៉ូសេ​លោក​ជំរាប​ហូបាប់ កូន​រេហួល សាសន៍​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​លោក​ថា យើង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ឯ​កន្លែង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​រាល់​គ្នា ដូច្នេះ សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ចុះ នោះ​នឹង​មាន​ប្រយោជន៍​ដល់​លោក​ឪពុក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សេចក្ដី​យ៉ាង​ល្អ ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល 30តែ​លោក​ឆ្លើយ​ថា អញ​មិន​ទៅ​ទេ អញ​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អញ​វិញ ដើម្បី​នៅ​ជា​មួយ​នឹង​ញាតិ‌សន្តាន​របស់​អញ 31តែ​ម៉ូសេ​អង្វរ​ថា សូម​កុំ​ឲ្យ​លោក​ឪពុក​ចោល​យើង​ខ្ញុំ​ឡើយ ដ្បិត​លោក​ជា​អ្នក​ស្គាល់​អស់​ទាំង​ទី​កន្លែង ដែល​យើង​ខ្ញុំ​ត្រូវ​ដំឡើង​ត្រសាល នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ដូច្នេះ លោក​នឹង​បាន​ដូច​ជា​ភ្នែក​ដល់​យើង​ខ្ញុំ 32បើ‌សិន​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ នោះ​ការ​ល្អ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​យើង​ខ្ញុំ​យ៉ាង​ណា នោះ​យើង​ខ្ញុំ​ក៏​ផ្តល់​ជូន​លោក​យ៉ាង​នោះ​ដែរ។
33គេ​ក៏​ចេញ​ពី​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​ទៅ​អស់​៣​ថ្ងៃ ហើយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ក៏​ទៅ​មុខ​គេ​ទាំង​៣​ថ្ងៃ​នោះ ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​គេ​ឈប់​សំរាក 34ក៏​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា​នៅ​ពី​លើ​គេ នៅ​ពេល​ថ្ងៃ ចាប់​តាំង​ពី​ពេល​ដែល​គេ​ចេញ​ដំណើរ​ពី​ទី​ដំឡើង​ត្រសាល​នោះ​ទៅ 35រីឯ​វេលា​ណា​ដែល​ហឹប​ចេញ​ទៅ នោះ​ម៉ូសេ​តែង​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឈរ​ឡើង ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ត្រូវ​រត់​នៅ​ចំពោះ​ទ្រង់ 36លុះ​វេលា​ដែល​ហឹប​ឈប់​វិញ នោះ​លោក​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ត្រឡប់​មក​ឯ​ពួក​អ៊ីស្រាអែល​ទាំង​សល់​សែន​វិញ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល