នេហេ‌មា 9:26-38

នេហេ‌មា 9:26-38 ពគប

ប៉ុន្តែគេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ គេ​បោះ‌បង់​ចោល​ក្រិត្យ‌វិន័យ​ទ្រង់​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដែល​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​ប្រាថ្នា​ចង់​នាំ​គេ​មក​ឯ​ទ្រង់​វិញ គេ​ក៏​ប្រព្រឹត្ត​ទំនាស់​ជា​ខ្លាំង​ដែរ ហេតុ​នោះទ្រង់​បាន​ប្រគល់​គេ​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​គេ​កើត​មាន​សេចក្ដី​វេទនា ហើយ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ ហើយ​បាន​ប្រទាន​ឲ្យ​គេ​មាន​ពួក​អ្នក​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ​នោះ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង​របស់​ផង​ទ្រង់ តែ​កាល​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​បន្តិច នោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​អាក្រក់ នៅ​ចំពោះ​ទ្រង់​វិញ​ទៀត បាន​ជា​ទ្រង់​ទុក​គេ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឲ្យ​ពួក​នោះ​មាន​អំណាច​លើ​គេ ប៉ុន្តែកាល​គេ​បាន​វិល​មក​អំពាវ‌នាវ​រក​ទ្រង់​ទៀត នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ​ដែរ ហើយ​បាន​ប្រោស​ឲ្យ​គេ​រួច​ជា​ច្រើន​ដង តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ ទ្រង់​បាន​ធ្វើ​បន្ទាល់​ដល់​គេ ដើម្បី​នឹង​នាំ​គេ​មក​ឯ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ឥត​ព្រម​ស្តាប់​តាម​ក្រិត្យ‌ក្រម​នៃ​ទ្រង់​ដែរ គឺ​បាន​ធ្វើ​បាប​ទទឹងនឹង​ច្បាប់​យុត្តិ‌ធម៌​របស់​ទ្រង់ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង) ហើយ​គេ​ដក​ស្មា​ចេញ តាំង​ក​រឹង មិន​ព្រម​ស្តាប់​តាម​ឡើយ ប៉ុន្តែ ទ្រង់​បាន​អត់​ទ្រាំ​នឹង​គេ​ជា​យូរ​ឆ្នាំ ព្រម​ទាំង​ធ្វើ​បន្ទាល់​ដល់​គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​លើ​ពួក​ហោរា ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​មិន​ផ្ទៀង​ត្រចៀក​ស្តាប់​ដែរ បាន​ជា​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អស់​ទាំង​សាសន៍​របស់​ស្រុក​ដទៃ ប៉ុន្តែ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា ដ៏​ក្រៃ‌លែង​របស់​ទ្រង់ បាន​ជា​ទ្រង់​មិន​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឬ​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ហឫទ័យ​សន្តោស ហើយ​មេត្តា‌ករុណា។ ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឥទ្ធា‌នុភាព ដែល​គួរ​ស្ញែង​ខ្លាច​ដល់​ទ្រង់ ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស​អើយ ឯ​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា ពួក​ឰយុកោ​យើង​ខ្ញុំ នឹង​ពួក​រាស្ត្រ​របស់​ទ្រង់ ចាប់​តាំង​ពី​គ្រា​ពួក​ស្តេច​នៃ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​សូម​ទ្រង់​កុំ​រាប់​ថា ជា​ការ​តិច‌តួច​ឡើយ ប៉ុន្តែក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ នោះ​ទ្រង់​សុចរិត​ទេ ដ្បិត​ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​លាមក​អាក្រក់​វិញ ទោះ​ទាំង​ស្តេច​នៃ​យើង​ខ្ញុំ ឬ​ពួក​មេ​ពួក​សង្ឃ នឹង​ពួក​ឰយុកោ របស់​យើង​ខ្ញុំ​ក៏​មិន​បាន​រក្សា​ក្រិត្យ‌វិន័យ​របស់​ទ្រង់ ឬ​ស្តាប់​តាម​ក្រិត្យ‌ក្រម នឹង​សេចក្ដី​បន្ទាល់​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ចំពោះ​គេ​ដែរ ពី​ព្រោះ​គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នៅ​ក្នុង​នគរ​នៃ​ខ្លួន នៅ​កណ្តាល​អស់​ទាំង​សេចក្ដី​ល្អ​ក្រៃ‌លែង ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ នៅ​ក្នុង​ស្រុក​ធំ​ទូលាយមាន​ជី‌ជាតិ ដែល​ទ្រង់​បាន​ដាក់​នៅ​មុខ​គេ​នោះ​ឡើយ គេ​ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ មើល យើង​ខ្ញុំ​រាល់​គ្នា​ជា​បាវ​បំរើ​របស់​គេ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ជា​បាវ​បំរើ នៅ​ក្នុង​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន ដល់​ពួក​ឰយុកោ​យើង​ខ្ញុំ ឲ្យ​បាន​បរិភោគ​ផលនឹង​សេចក្ដី​ល្អ​នោះ​ផង ស្រុក​នេះ​ក៏​បង្កើត​ផល​ជា​ច្រើន ដល់​ពួក​ស្តេច ដែល​ទ្រង់​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ ស្តេច​ទាំង​នោះ​មាន​អំណាច លើ​ទាំង​ខ្លួន​ប្រាណ​យើង​ខ្ញុំ នឹង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផង តាម​តែ​ព្រះ‌ទ័យ ហើយ​យើង​ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ទោះ​បើ​មាន​សេចក្ដី​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​រាល់​គ្នា​ចុះ​សញ្ញា​មាំ‌មួន ហើយ​ក៏​កត់​ទុក​ផង មាន​ទាំង​ពួក​មេ ពួក​លេវី នឹង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​ចំពោះ​សេចក្ដី​សញ្ញា​នោះ។

អាន នេហេ‌មា 9