នេហេមា 6
6
1លុះកាលដំណឹងបានឮទៅដល់សានបាឡាត នឹងថូប៊ីយ៉ា ព្រមទាំងកេសែម ជាសាសន៍អារ៉ាប់ នឹងពួកខ្មាំងសត្រូវយើងឯទៀតថា ខ្ញុំបានធ្វើកំផែងរួចជាស្រេច ឥតមានទីបាក់បែកណានៅសល់ទៀតឡើយ ទោះបើគ្រានោះមិនទាន់បានដាក់ផ្ទាំងសន្លឹកទ្វារឡើង ក្នុងអស់ទាំងទ្វារនៅឡើយក៏ដោយ 2នោះសានបាឡាត នឹងកេសែមចាត់គេមកឯខ្ញុំនិយាយថា អញ្ជើញមក យើងនឹងពិគ្រោះគ្នានៅភូមិណាមួយក្នុងច្រកភ្នំអូណូរ គឺគេគិតប្រទូស្តដល់ខ្ញុំទេ 3តែខ្ញុំចាត់មនុស្សឲ្យទៅប្រាប់វិញថា ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន នឹងឲ្យខ្ញុំលះចោលការនេះឲ្យឈប់នៅ ដើម្បីនឹងចុះទៅឯអ្នកធ្វើអី 4គេក៏ចាត់មនុស្សមកនិយាយនឹងខ្ញុំយ៉ាងនោះអស់វារៈ៤ដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលដល់គេ 5រួចមកសានបាឡាតចាត់អ្នកបំរើម្នាក់មកឯខ្ញុំ តាមបែបដដែល នោះជាគំរប់៥ដង មានទាំងសំបុត្របើកចំហនៅដៃផង 6ក្នុងសំបុត្រនោះមានសេចក្ដីថា មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែមជាសាក្សីថា អ្នក ហើយនឹងពួកយូដាគិតបះបោរ បានជាសង់កំផែងនេះឡើង គឺថា អ្នកចង់ធ្វើជាស្តេចគេ តាមដែលឮនិយាយនោះ 7អ្នកក៏បានដំរូវឲ្យមានពួកហោរាប្រកាសប្រាប់ពីអ្នក នៅក្រុងយេរូសាឡិមថា មានស្តេចគ្រងរាជ្យនៅស្រុកយូដាហើយ ពាក្យយ៉ាងនោះយើងនឹងបញ្ជូនដល់ស្តេចឥឡូវ ដូច្នេះ ចូរមកឲ្យយើងបានពិគ្រោះគ្នាសិន 8ខ្ញុំតបទៅថា គ្មានអ្វីដូចជាអ្នកថានោះទេ គឺអ្នកបង្កើតរឿងនេះ តាមតែចិត្តអ្នកវិញប៉ុណ្ណោះ 9ពួកអ្នកទាំងនោះចង់តែគំរាម ឲ្យយើងភ័យខ្លាច ដោយគិតថា យើងនឹងថយកំឡាំងដៃ ឲ្យសំរេចការមិនបាន ឥឡូវនេះ ឱព្រះអង្គអើយ សូមចំរើនកំឡាំងដៃទូលបង្គំវិញ។
10គ្រានោះ ខ្ញុំបានទៅឯផ្ទះរបស់សេម៉ាយ៉ា កូនដេឡាយ៉ា ដែលជាកូនមហេថាបែល គាត់កំពុងបំពួនខ្លួន គាត់និយាយឡើងថា សូមយើងទៅជួបគ្នា នៅក្នុងព្រះវិហារនៃព្រះ គឺក្នុងទីបរិសុទ្ធ ហើយបិទទ្វារភ្ជិតទៅ ដ្បិតគេនឹងមកសំឡាប់លោក គឺគេនឹងមកនៅពេលយប់ជាមិនខាន ដើម្បីនឹងសំឡាប់លោកបង់ 11តែខ្ញុំឆ្លើយថា គួរគប្បីឲ្យមនុស្សបែបយ៉ាងខ្ញុំរត់ឬអី តើមានអ្នកឯណាមួយដូចខ្ញុំ ដែលនឹងចូលទៅក្នុងព្រះវិហារ ឲ្យតែរួចជីវិតនោះ ខ្ញុំមិនព្រមចូលទៅទេ 12ខ្ញុំក៏ពិចារណាយល់ឃើញថា មិនមែនជាព្រះដែលបង្គាប់ដល់គាត់ដូច្នោះទេ គឺគាត់បានទាយទំនាយនេះ ទាស់នឹងខ្ញុំវិញ ហើយគឺថូប៊ីយ៉ា នឹងសានបាឡាតបានជួលគាត់ផង 13គេបានជួលគាត់ប្រាថ្នាចង់គំរាម ឲ្យខ្ញុំភ័យ ដើម្បីឲ្យខ្ញុំបានធ្វើតាម ហើយមានបាបដូច្នោះ ប្រយោជន៍ឲ្យគេបានរឿង នឹងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលដល់ខ្ញុំ 14ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីថូប៊ីយ៉ា នឹងសានបាឡាត តាមការដែលគេធ្វើទាំងនេះ ហើយពីនាងណូអាឌា ជាហោរា នឹងពួកហោរាឯទៀត ដែលចង់ឲ្យទូលបង្គំកើតមានសេចក្ដីភ័យខ្លាចផង។
15ដូច្នេះ នៅថ្ងៃ២៥ ខែភទ្របទ នោះកំផែងបានធ្វើរួចជាស្រេច គឺក្នុងរវាង៥២ថ្ងៃ 16កាលពួកខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮ នោះសាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅភ្នែកខ្លួនគេ ដោយយល់ឃើញថា ការនោះកើតឡើងអំពីព្រះនៃយើងទេ 17ក្នុងរវាងនោះ ពួកអ្នកធំក្នុងសាសន៍យូដា គេក៏ផ្ញើសំបុត្រជាច្រើនច្បាប់ទៅថូប៊ីយ៉ា ហើយមានសំបុត្ររបស់ថូប៊ីយ៉ាមកដល់គេវិញដែរ 18ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា បានស្បថនឹងគាត់ ដោយព្រោះគាត់ជាកូនប្រសារបស់សេកានា ជាកូនអើរ៉ាស មួយទៀតយ៉ូហាណាន ជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនបេរេគា ធ្វើជាប្រពន្ធ 19គេក៏និយាយពីការល្អរបស់គាត់ នៅចំពោះមុខខ្ញុំ ហើយក៏នាំយកពាក្យខ្ញុំទៅប្រាប់គាត់ដែរ គឺថូប៊ីយ៉ានេះហើយ ដែលផ្ញើសំបុត្រមកគំរាម ឲ្យខ្ញុំភ័យ។
ទើបបានជ្រើសរើសហើយ៖
នេហេមា 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.