ម៉ាកុស 9:17-27

ម៉ាកុស 9:17-27 ពគប

នោះ​មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​កាត់​ឆ្លើយ​ថា លោក​គ្រូ​អើយ ខ្ញុំ​បាន​នាំ​កូន​ខ្ញុំ​មក​ឯ​លោក ព្រោះ​វា​មាន​អារក្ស​គ​ចូល នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្តងៗ នោះ​ក៏​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​នឹង​ដេញ​ចេញ​បាន​ទេ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ គេ​ក៏​នាំ​វា​ទៅ កាល​បាន​ឃើញ​ទ្រង់ នោះ​ស្រាប់​តែ​អារក្ស​ជាន់​វា ឲ្យ​ប្រកាច់​ដួល​ននៀល​នៅ​ដី ទាំង​បែក​ពពុះ​មាត់ ទ្រង់​មាន​បន្ទូល​សួរ​ឪពុក​ថា វា​បាន​ឈឺ​ដូច្នេះ​ជា​យូរ​ប៉ុន្មាន​មក​ហើយ គាត់​ទូល​ឆ្លើយ​ថា តាំង​តែ​ពី​តូច​មក ជួន‌កាល​ក៏​បោះ​វា​ទៅ​ក្នុង​ភ្លើង​ក្នុង​ទឹក​ជា​ញយៗ ដើម្បី​នឹង​បំផ្លាញ​វា​ទៅ ប៉ុន្តែ​បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សំរេច​បាន ដល់​អ្នក​ណា​ដែល​ជឿ ស្រាប់​តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង កាល​ព្រះ‌យេស៊ូវ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្ស‌អសោចិ៍​ថា នែ អារក្ស​គ​ថ្លង់​អើយ អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។

អាន ម៉ាកុស 9

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 9:17-27