ម៉ាកុស 8:1-21

ម៉ាកុស 8:1-21 ពគប

នៅ​គ្រា​នោះ មាន​ហ្វូង​មនុស្ស​ជា​ធំ​ណាស់ ហើយ​គេ​គ្មាន​អ្វី​បរិភោគ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​មនុស្ស​ទាំង​អស់​នេះ​ណាស់ ពី​ព្រោះ​គេ​បាន​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​៣​ថ្ងៃ​ហើយ តែ​ឥឡូវ​នេះ​គ្មាន​អ្វី​បរិភោគ​ទេ បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អត់ នោះ​គេ​នឹង​ហេវ​តាម​ផ្លូវ ដ្បិត​ខ្លះ​បាន​មក​ពី​ឆ្ងាយ​ណាស់ ពួក​សិស្ស​ទូល​ឆ្លើយ​ថា នៅ​ទី​ស្ងាត់​នេះ តើ​នឹង​រក​នំបុ័ង​ពី​ណា ដើម្បី​ចំអែត​ដល់​មនុស្ស​ទាំង​នេះ​បាន ទ្រង់​សួរ​គេ​ថា អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ឆ្លើយ​ថា មាន​៧ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧​នោះ​មក ក៏​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស គេ​ក៏​លើក​ទៅ មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​ទ្រង់​បាន​ប្រទាន​ពរ​ហើយ នោះ​ក៏​បង្គាប់​ឲ្យ​លើក​យក​ទៅ​ឲ្យ​គេ​ទៀត ហើយ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត រួច​គេ​ប្រមូល​ចំណិត ដែល​សល់​នៅ​បាន​៧​កំប្រោង ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៤​ពាន់​នាក់ រួច​ទ្រង់​ឲ្យ​គេ​ទៅ​វិញ ស្រាប់​តែ​ទ្រង់​យាង​ចុះ​ទូក ជា​មួយ​នឹង​ពួក​សិស្ស ទៅ​ឯ​ស្រុក​ដាលម៉ា‌នូថា​ទៅ នោះ​ពួក​ផារិស៊ី​ចេញ​មក តាំង​ជជែក ដើម្បី​នឹង​ល្បង​ទ្រង់ ដោយ​សូម​ឲ្យ​ទ្រង់​សំដែង​ទី​សំគាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ ទ្រង់​ក៏​ថ្ងូរ​ក្នុង​ព្រះ‌ហឫទ័យ ហើយ​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​ដំណ​នេះ​ចង់​រក​តែ​ទី​សំគាល់​ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​មក​មនុស្ស​ដំណ​នេះ​ឡើយ រួច​ទ្រង់​យាង​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​វិញ។ ឯ​ពួក​សិស្ស គេ​ភ្លេច​យក​នំបុ័ង​ទៅ នៅ​ជាប់​តែ​១​ដុំ​ក្នុង​ទូក​ប៉ុណ្ណោះ ទ្រង់​ក៏​ផ្តាំ​គេ​ថា ចូរ​ប្រុង​មើល ហើយ​ប្រយ័ត​នឹង​ដំបែ​របស់​ពួក​ផារិស៊ី នឹង​របស់​ហេរ៉ូឌ ឲ្យ​មែន‌ទែន គេ​រិះ‌គិត​គ្នា​ថា គឺ​ពី​ព្រោះ​យើង​គ្មាន​នំបុ័ង​ទេ​ដឹង កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ថា ពី​ព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬ​អី តើ​មាន​ចិត្ត​រឹង‌រូស​ឬ​អី អ្នក​រាល់​គ្នា​មាន​ភ្នែក តើ​មើល​មិន​ឃើញ មាន​ត្រចៀក តើ​ស្តាប់​មិន​ឮ ហើយ​មិន​ចាំ​ទេ​ឬ​អី ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង​៥​ឲ្យ​ដល់​៥​ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត​ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន​១២ ហើយ​កាល​កាច់​នំបុ័ង​៧​ឲ្យ​ដល់​៤​ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត​ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន​៧ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត។

អាន ម៉ាកុស 8