នាងក៏ចេញទៅសួរមាតាថា តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី មាតាឆ្លើយថា ឲ្យសូមក្បាលយ៉ូហាន-បាទីស្ទវិញ រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ ទ្រង់ចាត់ពេជ្ឃឃាតម្នាក់ទៅភ្លាម ដោយបង្គាប់ឲ្យទៅយកក្បាលលោកមក អ្នកនោះក៏ទៅកាត់ក្បាលលោកនៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា កាលពួកសិស្សរបស់លោកបានឮ នោះគេមកយកសពលោកទៅបញ្ចុះក្នុងផ្នូរទៅ។ ឯពួកសាវក ក៏ប្រជុំគ្នាឯព្រះយេស៊ូវ រ៉ាយរឿងទូលទ្រង់ពីការដែលខ្លួនបានធ្វើទាំងប៉ុន្មាន ហើយពីសេចក្ដីដែលបានបង្រៀនដែរ រួចទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង នោះក៏នាំគ្នាចុះទូកចេញទៅឯទីស្ងាត់ដោយឡែកទៅ ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុន ប្រជុំគ្នាឯទ្រង់។ កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន លុះពេលជ្រុលហើយ នោះពួកសិស្សមកទូលទ្រង់ថា ទីនេះជាទីស្ងាត់ ហើយពេលក៏ជ្រុលផង សូមទ្រង់ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ ដ្បិតគេគ្មានអ្វីបរិភោគសោះ តែទ្រង់មានបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ប៉ុន្តែពួកសិស្សទូលថា តើឲ្យយើងរាល់គ្នាទៅទិញនំបុ័ងចំនួន៤០រៀល ឲ្យគេបរិភោគឬអី ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន ចូរទៅមើលសិន កាលបានដឹងហើយ ក៏ទូលឆ្លើយថា មាន៥ដុំនឹងត្រី២ទេ នោះទ្រង់បង្គាប់ឲ្យពួកសិស្សប្រាប់គេ ឲ្យអង្គុយលើស្មៅខ្ចីដោយពួកៗ គេក៏អង្គុយដោយជួរ ក្នុង១ជួរ៥០នាក់ ទាំងអស់មាន១០០ជួរ រួចទ្រង់យកនំបុ័ង៥ នឹងត្រី២នោះ ងើបទតទៅលើមេឃប្រទានពរ ហើយកាច់នំបុ័ងប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យគេ ក៏បែងភាគត្រី២នោះ ចែកទៅមនុស្សទាំងអស់ដែរ គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតនំបុ័ង នឹងត្រីទាំងប៉ុន្មាន ដែលសល់នៅ បាន១២កន្ត្រក ឯពួកអ្នកដែលបានបរិភោគ នោះមានប្រុសៗ៥ពាន់នាក់។ ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯបេតសៃដា នៅត្រើយម្ខាងជាមុន ដរាបដល់ទ្រង់ឲ្យហ្វូងមនុស្សទៅវិញអស់ កាលទ្រង់បានឲ្យគេទៅអស់ហើយ នោះក៏យាងឡើងទៅលើភ្នំ ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ នោះទូកនៅកណ្តាលសមុទ្រ តែទ្រង់គង់នៅលើគោកតែ១ព្រះអង្គទ្រង់ ទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់ លុះពេលប្រហែលជាយាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេ ហើយធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទៀត លុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះ នោះគេនឹកស្មានថាជាខ្មោចលង ហើយក៏ស្រែកឡើង ដ្បិតគ្រប់គ្នាបានឃើញទ្រង់ ហើយក៏ភ័យស្លុត តែទ្រង់មានបន្ទូលទៅគេជា១រំពេចថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី នោះទ្រង់យាងឡើងទៅឯគេនៅក្នុងទូក រួចខ្យល់ក៏ស្ងប់ឈឹង អ្នកទាំងនោះមានសេចក្ដីអស្ចារ្យជាខ្លាំងពន់ពេក ព្រមទាំងវិលវល់ក្នុងចិត្ត គេមិនបានយល់ដោយសារការដែលបានចំរើននំបុ័ងទេ ដ្បិតគេមានចិត្តរឹងរូស។ លុះបានឆ្លងទៅដល់ស្រុកគេនេសារ៉ែត ត្រើយខាងនាយហើយ នោះក៏ឈប់ចតទូក កាលបានឡើងពីទូក នោះមនុស្សទាំងឡាយបានស្គាល់ទ្រង់ជា១រំពេច ហើយរត់ទៅគ្រប់ក្នុងស្រុកជុំវិញ តាំងសែងមនុស្សជំងឺដេកលើពូកមកឯទ្រង់ នៅកន្លែងត្រង់ណាដែលគេឮថាទ្រង់គង់នៅ ហើយកន្លែងណាក៏ដោយ ដែលទ្រង់យាងចូល ទោះក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេក៏បានដាក់មនុស្សជំងឺទាំងប៉ុន្មាននៅទីផ្សារ រួចទូលអង្វរទ្រង់ឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ទ្រង់តែប៉ុណ្ណោះ ហើយអស់អ្នកណាដែលបានពាល់ទ្រង់ នោះក៏បានជាទាំងអស់គ្នា។
អាន ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:24-56
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ