ម៉ាកុស 4:1-34

ម៉ាកុស 4:1-34 ពគប

ខណ​នោះ ទ្រង់​តាំង​បង្រៀន នៅ​ត្រង់​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​មនុស្ស​ទាំង​ហ្វូង​មូល​គ្នា មក​ឯ​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក នៅ​សមុទ្រ​វិញ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​គោក តាម​មាត់​ច្រាំង ទ្រង់​បង្រៀន​សេចក្ដី​ជា​ច្រើន​ដល់​គេ ដោយ​ពាក្យ​ប្រៀប‌ធៀប ក៏​មាន​បន្ទូល​ក្នុង​ន័យ​ដែល​ទ្រង់​បង្រៀន​ថា ចូរ​ស្តាប់​ចុះ មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​ព្រោះ មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មិន‌សូវ​មាន​ដី​ប៉ុន្មាន ហើយ​ក៏​ដុះ​ឡើង​ភ្លាម ពី​ព្រោះ​គ្មាន​ដី​ជ្រៅ តែ​កាល​ថ្ងៃ​រះ​ឡើង នោះ​ក្រៀម​ខ្លោច​ទៅ​វិញ ពី​ព្រោះ​គ្មាន​ឫស ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​បន្លា បន្លា​ក៏​ដុះ​ឡើង​ខ្ទប់ ហើយ​គ្រាប់​នោះ​មិន​កើត​ផល​សោះ តែ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​កើត​ផល​ចំរើន​កាន់​តែ​ច្រើន​ឡើង គ្រាប់​១​បង្កើត​បាន​៣០ មួយ​បាន​៦០ ហើយ​មួយ​បាន​១​រយ រួច​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ កាល​ទ្រង់​គង់​នៅ​ដោយ‌ឡែក នោះ​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ព្រម​ទាំង​ពួក​១២​នាក់ គេ​ទូល​សួរ​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ ទ្រង់​មាន​បន្ទូល​ថា ពី​ព្រោះ​បាន​ប្រទាន​មក ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ព្រះ ប៉ុន្តែ​ឯ​មនុស្ស​ក្រៅ ការ​ទាំង​អស់​បាន​ធ្វើ​បែប​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​ឲ្យ​គេ​ឃើញ​មែន តែ​ឥត​យល់​ទេ ហើយ​កាល​ណា​ឮ នោះ​ឲ្យ​គេ​ឮ​មែន តែ​ស្តាប់​មិន​បាន​សោះ ក្រែង​គេ​ប្រែ​ចិត្ត ហើយ​បាប​គេ​បាន​អត់​ទោស​ឲ្យ ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ប្រៀប​នេះ​ទេ​ឬ​អី ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​ពាក្យ​ប្រៀប​ប្រដូច​បាន ឯ​អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះ‌បន្ទូល ឯ​ពួក​អ្នក​តាម​ផ្លូវ គឺ​ជា​កន្លែង​ដែល​បាន​ព្រោះ​ព្រះ‌បន្ទូល​ចុះ កាល​គេ​ឮ នោះ​អារក្ស‌សាតាំង​ក៏​មក​លួច​ឆក់​យក​ព្រះ‌បន្ទូល ដែល​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម ក៏​ដូច​គ្នា​ដែរ កាល​ណា​គេ​ឮ​ព្រះ‌បន្ទូល នោះ​គេ​ទទួល​ភ្លាម​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​សោះ ហើយ​ក៏​នៅ​ជាប់​តែ​បន្តិច​ទេ បើ​កាល​ណា​កើត​មាន​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​បៀត‌បៀន ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រវាត​ចិត្ត​ចេញ​ភ្លាម ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ តែ​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ សេចក្ដី​ឆ‌បោក​របស់​ទ្រព្យ​សម្បត្តិ នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​ឯ​សេចក្ដី​ផ្សេងៗ​ឯ​ទៀត ក៏​ចូល​មក​ខ្ទប់​ព្រះ‌បន្ទូល​ជិត រួច​ព្រះ‌បន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ទទួល រួច​បង្កើត​ផល ម្នាក់​បាន​៣០​ម្នាក់​បាន​៦០ ម្នាក់​ទៀត​បាន​១​រយ។ ទ្រង់​ក៏​មាន​បន្ទូល​ថា តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ​អី គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ​ឡើយ ក៏​គ្មាន​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ដាក់​នៅ​ពន្លឺ​ដែរ បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ ទ្រង់​មាន​បន្ទូល​ទៀត​ថា ចូរ​ប្រយ័ត​ពី​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ ឯ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់​នោះ​វិញ ហើយ​នឹង​ឲ្យ​ជា​លើស​ទៅ​ទៀត ដល់​អ្នក​រាល់​គ្នា​ដែល​ស្តាប់​ផង ដ្បិត​អ្នក​ណា​ដែល​មាន នោះ​គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ ទាំង​របស់​ដែល​អ្នក​នោះ​មាន​ផង។ ទ្រង់​ក៏​មាន​បន្ទូល​ថា នគរ​ព្រះ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​នៅ​ដី អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់ លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ។ ទ្រង់​ក៏​មាន​បន្ទូល​ថា តើ​យើង​នឹង​ធៀប​នគរ​ព្រះ​ជា​អ្វី ឬ​ត្រូវ​យក​ពាក្យ​ប្រៀប​អ្វី​មក​ប្រដូច​នឹង​នគរ​នោះ គឺ​ដូច​ជា​គ្រាប់​ពូជ​១ ដែល​កាល​ណា​គេ​ព្រោះ​នៅ​ដី ជា​ពូជ​យ៉ាង​ល្អិត​ជាង​គ្រាប់​ទាំង​អស់​នៅ​ផែនដី តែ​កាល​ណា​គេ​ព្រោះ​ចុះ​ទៅ នោះ​ក៏​ដុះ​ឡើង​ត្រឡប់​ជា​ធំ លើស​ជាង​តិណ‌ជាតិ​ទាំង​អស់​វិញ ទាំង​បែក​មែក​ជា​ធំ​ផង ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​នៅ​លើ​អាកាស មក​ទំ​នៅ​ក្រោម​ម្លប់​បាន ទ្រង់​អធិប្បាយ​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្តាប់ ដោយ​ពាក្យ​ប្រៀប​ប្រដូច​យ៉ាង​ដូច្នេះ​ជា​ច្រើន តាម​ដែល​គេ​ស្តាប់​បាន ទ្រង់​មិន​បាន​មាន​បន្ទូល​ទៅ​គេ ដោយ​ឥត​ពាក្យ​ប្រៀប‌ធៀប​ទេ តែ​កាល​ណា​នៅ​ដោយ‌ឡែក នោះ​ទ្រង់​ពន្យល់​ទាំង​អស់​ដល់​ពួក​សិស្ស​វិញ។

អាន ម៉ាកុស 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 4:1-34

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ