នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន ទ្រង់ក៏យកពេត្រុស យ៉ាកុប នឹងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាមតែ១ម៉ោងមិនបានឬ ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្ដីល្បួងនាំចិត្តឡើយ វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ រួចទ្រង់ចេញទៅអធិស្ឋានម្តងទៀត ដោយបន្ទូលជាសេចក្ដីដដែល កាលទ្រង់បានយាងត្រឡប់មកវិញ នោះក៏ឃើញគេកំពុងដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ គេមិនដឹងខ្លួនជាទូលឆ្លើយនឹងទ្រង់ថាដូចម្តេចទេ ទ្រង់បានយាងមកជាគំរប់៣ដង មានបន្ទូលថា ឥឡូវនេះ នៅតែដេកលក់ ហើយសំរាកកំឡាំងទៀតឬ ប៉ុណ្ណឹងចុះ កំណត់ដល់ហើយ មើល កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។ កំពុងដែលទ្រង់មានបន្ទូលនៅឡើយ ស្រាប់តែយូដាសជាម្នាក់ក្នុងពួក១២ ក៏មកដល់ភ្លាម នាំទាំងហ្វូងមនុស្សដ៏ធំ ពីពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ មកជាមួយផង ព្រមទាំងកាន់ដាវ កាន់ដំបង អ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វានាំទៅដោយប្រយ័តប្រយែងចុះ កាលគេបានមកដល់ នោះវាចូលទៅឯទ្រង់ភ្លាម ដោយទូលថា លោកគ្រូៗអើយ ហើយក៏ថើបទ្រង់ នោះគេលូកដៃទៅចាប់ទ្រង់ តែមានម្នាក់ឈរជិតខាង គាត់ហូតដាវកាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូចជាមកចាប់ចោរឬអី ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែ នេះដើម្បីនឹងធ្វើឲ្យសំរេចតាមបទគម្ពីរទេ នោះពួកសិស្សក៏រត់ចោលទ្រង់ទាំងអស់គ្នាទៅ មានមនុស្សកំឡោះម្នាក់ដែលដើរតាមទ្រង់ មានតែសំពត់ទេសឯកព័ទ្ធនឹងខ្លួន គេក៏ចាប់គាត់ តែគាត់រត់រួចចោលសំពត់នោះ នៅតែខ្លួនទទេ។ គេក៏នាំព្រះយេស៊ូវទៅដល់សំដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក ចំណែកពេត្រុស គាត់តាមទ្រង់ទៅពីចំងាយ រហូតដល់ខាងក្នុងព្រះលានសំដេចសង្ឃ ក៏អង្គុយអាំងភ្លើងជាមួយនឹងពួកអាជ្ញា។ ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់គ្នា គេប្រឹងរកទីបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់បង់ តែរកមិនបានសោះ ក៏មានមនុស្សជាច្រើន មកធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ដែរ តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាសោះ នោះមានខ្លះឈរឡើង ធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ថា យើងខ្ញុំបានឮវាថា ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ដែលបានធ្វើដោយដៃមនុស្ស ហើយក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់១ទៀត ដែលមិនមែនធ្វើដោយដៃមនុស្សទេ យ៉ាងនោះ គង់តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាទៀត ឯសំដេចសង្ឃ ក៏ឈរឡើងនៅកណ្តាលជំនុំ ដណ្តឹងសួរព្រះយេស៊ូវថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច តែទ្រង់នៅតែស្ងៀម មិនបានឆ្លើយអ្វីសោះ រួចសំដេចសង្ឃពិចារណាសួរទ្រង់ទៀតថា តើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី ព្រះយេស៊ូវមានបន្ទូលថា គឺខ្ញុំនេះហើយ មួយទៀត អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃផង នោះសំដេចសង្ឃក៏ហែកព្រះពស្ត្រលោក ដោយពាក្យថា តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាទៀត អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ ចុះតើគិតដូចម្តេច អ្នកទាំងអស់គ្នាក៏កាត់ទោសទ្រង់ថា គួរស្លាប់ហើយ អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ។ រីឯពេត្រុស គាត់នៅក្នុងព្រះលានឰដ៏ខាងក្រោម ហើយមានបាវស្រីរបស់សំដេចសង្ឃម្នាក់មក ឃើញពេត្រុសកំពុងតែអាំងភ្លើង ក៏សំឡឹងមើលគាត់ ហើយនិយាយថា អ្នកបាននៅជាមួយនឹងយេស៊ូវ ពីណាសារ៉ែតនេះដែរ តែគាត់ប្រកែកថា ខ្ញុំមិនដឹង មិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង បាវស្រីនោះក៏ឃើញគាត់ម្តងទៀត ហើយចាប់តាំងប្រាប់ដល់ពួកអ្នក ដែលឈរនៅទីនោះថា អ្នកនេះជាពួកគេដែរ គាត់ប្រកែកម្តងទៀត រួចក្រោយបន្តិចមក ពួកអ្នកឈរនៅទីនោះនិយាយទៅពេត្រុសថា ឯងប្រាកដជាពួកគេដែរ ដ្បិតឯងជាអ្នកស្រុកកាលីឡេ តែគាត់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះដែលអ្នករាល់គ្នានិយាយទេ នោះមាន់ក៏រងាវឡើងជាគំរប់២ដង ពេត្រុសក៏នឹកឃើញពីព្រះបន្ទូល ដែលព្រះយេស៊ូវបានប្រាប់គាត់ថា មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ កាលគាត់បានគិតពីសេចក្ដីនោះហើយ នោះក៏យំ។
អាន ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:32-72
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ