ម៉ាកុស 14:32-72

ម៉ាកុស 14:32-72 ពគប

នោះ​ក៏​មក​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន ទ្រង់​ក៏​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន​ទៅ​ជា​មួយ​ដែរ ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫទ័យ​ភាំង​ជា​ខ្លាំង ហើយ​តប់‌ប្រមល់​ណាស់ ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ​ចាំ​យាម​ចុះ រួច​កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច នោះ​ទ្រង់​ទំលាក់​ព្រះ‌អង្គ ផ្កាប់​ព្រះ‌ភក្ត្រ​ចុះ​អធិស្ឋាន សូម​ឲ្យ​ពេល​វេលា​នេះ​បាន​កន្លង​ហួស​ពី​ទ្រង់​ទៅ បើ​សិន​ជា​បាន ទ្រង់​មាន​បន្ទូល​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សំរេច​តាម​ព្រះ‌ហឫទ័យ​ទ្រង់​វិញ ទ្រង់​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ក៏​មាន​បន្ទូល​ទៅ​ពេត្រុស​ថា អ្នក​ដេក​លក់​ឬ​អី តើ​នឹង​នៅ​ចាំ​យាម​តែ​១​ម៉ោង​មិន​បាន​ឬ ចូរ​ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ រួច​ទ្រង់​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​បន្ទូល​ជា​សេចក្ដី​ដដែល កាល​ទ្រង់​បាន​យាង​ត្រឡប់​មក​វិញ នោះ​ក៏​ឃើញ​គេ​កំពុង​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ គេ​មិន​ដឹង​ខ្លួន​ជា​ទូល​ឆ្លើយ​នឹង​ទ្រង់​ថា​ដូច​ម្តេច​ទេ ទ្រង់​បាន​យាង​មក​ជា​គំរប់​៣​ដង មាន​បន្ទូល​ថា ឥឡូវ​នេះ នៅ​តែ​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ ប៉ុណ្ណឹង​ចុះ កំណត់​ដល់​ហើយ មើល កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ វា​ជិត​មក​ដល់​ហើយ។ កំពុង​ដែល​ទ្រង់​មាន​បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​មក​ដល់​ភ្លាម នាំ​ទាំង​ហ្វូង​មនុស្ស​ដ៏​ធំ ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ មក​ជា​មួយ​ផង ព្រម​ទាំង​កាន់​ដាវ កាន់​ដំបង អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត‌ប្រយែង​ចុះ កាល​គេ​បាន​មក​ដល់ នោះ​វា​ចូល​ទៅ​ឯ​ទ្រង់​ភ្លាម ដោយ​ទូល​ថា លោក​គ្រូៗ​អើយ ហើយ​ក៏​ថើប​ទ្រង់ នោះ​គេ​លូក​ដៃ​ទៅ​ចាប់​ទ្រង់ តែ​មាន​ម្នាក់​ឈរ​ជិត​ខាង គាត់​ហូត​ដាវ​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យ​សំរេច​តាម​បទ​គម្ពីរ​ទេ នោះ​ពួក​សិស្ស​ក៏​រត់​ចោល​ទ្រង់​ទាំង​អស់​គ្នា​ទៅ មាន​មនុស្ស​កំឡោះ​ម្នាក់​ដែល​ដើរ​តាម​ទ្រង់ មាន​តែ​សំពត់​ទេស‌ឯក​ព័ទ្ធ​នឹង​ខ្លួន គេ​ក៏​ចាប់​គាត់ តែ​គាត់​រត់​រួច​ចោល​សំពត់​នោះ នៅ​តែ​ខ្លួន​ទទេ។ គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ដល់​សំដេច​សង្ឃ ឯ​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ ហើយ​ពួក​អាចារ្យ​ទាំង​អស់​គ្នា ក៏​ប្រជុំ​គ្នា​ឯ​លោក ចំណែក​ពេត្រុស គាត់​តាម​ទ្រង់​ទៅ​ពី​ចំងាយ រហូត​ដល់​ខាង​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ក៏​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អាជ្ញា។ ពួក​សង្គ្រាជ នឹង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ប្រឹង​រក​ទី​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់​បង់ តែ​រក​មិន​បាន​សោះ ក៏​មាន​មនុស្ស​ជា​ច្រើន មក​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ដែរ តែ​សេចក្ដី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​សោះ នោះ​មាន​ខ្លះ​ឈរ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឮ​វា​ថា ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​នេះ ដែល​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​១​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ យ៉ាង​នោះ គង់​តែ​សេចក្ដី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​ទៀត ឯ​សំដេច​សង្ឃ ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ដណ្តឹង​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច តែ​ទ្រង់​នៅ​តែ​ស្ងៀម មិន​បាន​ឆ្លើយ​អ្វី​សោះ រួច​សំដេច​សង្ឃ​ពិចារណា​សួរ​ទ្រង់​ទៀត​ថា តើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ពរ​ឬ​អី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា គឺ​ខ្ញុំ​នេះ​ហើយ មួយ​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ចេស្តា ហើយ​ទាំង​មក​ក្នុង​ពពក​នៅ​លើ​មេឃ​ផង នោះ​សំដេច​សង្ឃ​ក៏​ហែក​ព្រះ‌ពស្ត្រ​លោក ដោយ​ពាក្យ​ថា តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​នេះ​ហើយ ចុះ​តើ​គិត​ដូច​ម្តេច អ្នក​ទាំង​អស់​គ្នា​ក៏​កាត់​ទោស​ទ្រង់​ថា គួរ​ស្លាប់​ហើយ អ្នក​ខ្លះ​ចាប់​តាំង​ស្តោះ​ដាក់​ទ្រង់ ក៏​ខ្ទប់​ព្រះ‌ភក្ត្រ ហើយ​វាយ​ទ្រង់ រួច​ទូល​ប្រាប់​ថា ចូរ​ទាយ​ចុះ ឯ​ពួក​អាជ្ញា ក៏​ទះ​ទ្រង់​ដែរ។ រីឯ​ពេត្រុស គាត់​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រោម ហើយ​មាន​បាវ​ស្រី​របស់​សំដេច​សង្ឃ​ម្នាក់​មក ឃើញ​ពេត្រុស​កំពុង​តែ​អាំង​ភ្លើង ក៏​សំឡឹង​មើល​គាត់ ហើយ​និយាយ​ថា អ្នក​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ពី​ណាសា‌រ៉ែត​នេះ​ដែរ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ដឹង មិន​យល់​ជា​អ្នក​និយាយ​អ្វី​ទេ រួច​គាត់​ចេញ​ទៅ​ឯ​ទីធ្លា​ខាង​ក្រៅ នោះ​មាន់​តាំង​រងាវ​ឡើង បាវ​ស្រី​នោះ​ក៏​ឃើញ​គាត់​ម្តង​ទៀត ហើយ​ចាប់​តាំង​ប្រាប់​ដល់​ពួក​អ្នក ដែល​ឈរ​នៅ​ទី​នោះ​ថា អ្នក​នេះ​ជា​ពួក​គេ​ដែរ គាត់​ប្រកែក​ម្តង​ទៀត រួច​ក្រោយ​បន្តិច​មក ពួក​អ្នក​ឈរ​នៅ​ទី​នោះ​និយាយ​ទៅ​ពេត្រុស​ថា ឯង​ប្រាកដ​ជា​ពួក​គេ​ដែរ ដ្បិត​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ តែ​គាត់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ដែល​អ្នក​រាល់​គ្នា​និយាយ​ទេ នោះ​មាន់​ក៏​រងាវ​ឡើង​ជា​គំរប់​២​ដង ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ កាល​គាត់​បាន​គិត​ពី​សេចក្ដី​នោះ​ហើយ នោះ​ក៏​យំ។

អាន ម៉ាកុស 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 14:32-72