ម៉ាកុស 14:22-31

ម៉ាកុស 14:22-31 ពគប

កាល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​គេ ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី នៅ​ក្នុង​នគរ​ព្រះ។ រួច​កាល​បាន​ច្រៀង​ទំនុក​១​ហើយ នោះ​ក៏​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ» ប៉ុន្តែ​កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា តែ​ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ តែ​គាត់​ប្រកែក​យ៉ាង​ខ្លាំង​លើស​ទៅ​ទៀត​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក្តី គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ដូច្នេះ​នោះ​ឡើយ ហើយ​ទាំង​អស់​ក៏​ថា​ដូច​គ្នា។

អាន ម៉ាកុស 14