នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែនោះ កាលគេត្រូវសំឡាប់កូនចៀម ធ្វើបុណ្យរំលង នោះពួកសិស្សទូលសួរទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ទ្រង់ក៏ចាត់សិស្ស២នាក់ឲ្យទៅ ដោយបន្ទូលថា ចូរទៅក្នុងទីក្រុង នោះនឹងមានមនុស្សម្នាក់លីក្អមទឹកមកចួបនឹងអ្នក ចូរឲ្យដើរតាមអ្នកនោះទៅ នៅកន្លែងណាដែលគាត់ចូល ចូរអ្នកនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ណាដែលលោកនឹងបរិភោគបុណ្យរំលងជាមួយនឹងពួកសិស្សរបស់លោក នោះគាត់នឹងបង្ហាញបន្ទប់១ធំខាងលើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ សិស្សទ្រង់២នាក់នោះក៏ចេញទៅ ដល់ទីក្រុងហើយ នោះក៏ឃើញដូចជាទ្រង់បានមានបន្ទូល រួចគេរៀបចំធ្វើបុណ្យរំលង។ ដល់ពេលល្ងាចហើយ ទ្រង់យាងមក ព្រមទាំងពួក១២នាក់ កាលកំពុងតែអង្គុយបរិភោគ នោះព្រះយេស៊ូវមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា ដែលបរិភោគជាមួយនឹងខ្ញុំនេះ នោះមានម្នាក់នឹងបញ្ជូនខ្ញុំ គេក៏តាំងព្រួយចិត្ត ហើយទូលទ្រង់ម្តងម្នាក់ៗថា តើទូលបង្គំឬអី រួចម្នាក់ទៀតថា តើទូលបង្គំឬអី ព្រះយេស៊ូវឆ្លើយថា គឺជាម្នាក់ក្នុងពួក១២ ដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ កូនមនុស្សត្រូវទៅពិត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់ តែវេទនាដល់មនុស្សនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង។ កាលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ងប្រទានពរឲ្យ រួចកាច់ប្រទានដល់គេ ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា ទ្រង់មានបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី នៅក្នុងនគរព្រះ។ រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ
អាន ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:12-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ