ម៉ាកុស 13:1-23

ម៉ាកុស 13:1-23 ពគប

កាល​កំពុង​តែ​ចេញ​ពី​ព្រះ‌វិហារ​មក នោះ​ពួក​សិស្ស​ទ្រង់​ម្នាក់​ទូល​ថា លោក​គ្រូ មើល​ន៏ ថ្ម ហើយ​នឹង​មន្ទីរ​ល្អ​ណាស់​ហ្ន៎ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា តើ​ឃើញ​មន្ទីរ​ធំ​ទាំង​នេះ​ឬ​ទេ បន្តិច​ទៀត នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​នឹង​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន នឹង​អនទ្រេ គេ​មក​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក ព្រះ‌យេស៊ូវ​ចាប់​តាំង​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ គេ​ក៏​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ផង កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង ហើយ​ពី​សូរ​ចំបាំង នោះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ក៏​នឹង​មាន​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ ហើយ​នឹង​មាន​អំណត់ នឹង​ចលាចល​កើត​ឡើង នេះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​វេទនា​ទេ ប៉ុន្តែ ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ពី​ព្រោះ​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឯ​ក្រុម‌ជំនុំ គេ​នឹង​វាយ​អ្នក​រាល់​គ្នា នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នាំ​ទៅ​ចំពោះ​ចៅហ្វាយ​ខេត្ត នឹង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ឯ​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន ប៉ុន្តែ​កាល​ណា​គេ​នាំ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ជា​មុន​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ឯង ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ​តើ បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ហើយ​នឹង​សំឡាប់​គាត់​បង់ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត។ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ឡើយ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ នឹង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ ដែល​ព្រះ‌ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​ថា មើល ទ្រង់​គង់​នៅ​ទី​នុ៎ះ នោះ​កុំ​ឲ្យ​ជឿ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​ព្រម​ទាំង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត​ឲ្យ​មែន‌ទែន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​អស់​ជា​មុន​ហើយ

អាន ម៉ាកុស 13