ម៉ាកុស 12:1-27

ម៉ាកុស 12:1-27 ពគប

ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ថា មាន​មនុស្ស​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ នឹង​សង់​ប៉ម ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ ដល់​រដូវ​ហើយ គាត់​ចាត់​បាវ​ម្នាក់​ទៅ​ឯ​ពួក​អ្នក​ធ្វើ​ចំការ ដើម្បី​នឹង​ទទួល​ផល​ខ្លះ​ពី​ពួក​អ្នក​ទាំង​នោះ តែ​គេ​ចាប់​បាវ​នោះ​វាយ ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ទទេ គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង គាត់​ក៏​ចាត់​ម្នាក់​ទៀត តែ​គេ​សំឡាប់​អ្នក​នោះ​បង់ ក៏​បាន​ចាត់​ជា​ច្រើន​នាក់​ទៅ​ទៀត ខ្លះ​ត្រូវ​គេ​វាយ ខ្លះ​ត្រូវ​គេ​សំឡាប់​ចោល គាត់​នៅ​មាន​កូន​សំឡាញ់​តែ​១ ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​គេ​ក្រោយ​បង្អស់ ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ តែ​ពួក​អ្នក​ធ្វើ​ចំការ​នោះ គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចេញ នោះ​មរដក​នេះ​នឹង​បាន​មក​លើ​យើង​រាល់​គ្នា​វិញ រួច​គេ​ចាប់​កូន​គាត់ សំឡាប់​បោះ​ចោល​ទៅ​ក្រៅ​ចំការ​ទៅ ដូច្នេះ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​ដូច​ម្តេច គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​បទ​គម្ពីរ​នេះ​ផង​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ការ​នោះ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ» គេ​ក៏​រក​ឱកាស​ចាប់​ទ្រង់ ព្រោះ​ដឹង​ថា ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស រួច​គេ​ដើរ​ចោល​ទ្រង់​បាត់​ទៅ។ គេ​បាន​ចាត់​ពួក​ផារិស៊ី​ខ្លះ នឹង​ពួក​ហេរ៉ូឌ​ខ្លះ ទៅ​ឯ​ព្រះ‌យេស៊ូវ ដើម្បី​នឹង​ចាប់​ព្រះ‌បន្ទូល អ្នក​ទាំង​នោះ​ក៏​មក​ឯ​ទ្រង់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​មិន​អំពល់​ដល់​អ្នក​ណា​សោះ ពី​ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​លោក​ទេ លោក​បង្រៀន​តែ​ពី​ផ្លូវ​ព្រះ តាម​សេចក្ដី​ពិត​ប៉ុណ្ណោះ ដូច្នេះ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់ ប៉ុន្តែ​ទ្រង់​ស្គាល់​ពុត​មាយា​របស់​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ ចូរ​យក​ប្រាក់​កាក់​ធំ​មក​ឲ្យ​ខ្ញុំ​មើល គេ​ក៏​យក​មក រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា រូប​នេះ នឹង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា គេ​ឆ្លើយ​ថា របស់​សេសារ នោះ​ទ្រង់​តប​ទៅ​វិញ​ថា ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ គេ​ក៏​អស្ចារ្យ​នឹង​ទ្រង់។ ឯ​ពួក​សាឌូស៊ី ដែល​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​ក៏​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា «បើ​បង​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ​ឥត​មាន​កូន នោះ​ត្រូវ​ឲ្យ​ប្អូន​យក​ប្រពន្ធ​គាត់ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» ឥឡូវ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន ប្អូន​បន្ទាប់​ក៏​យក​នាង​នោះ ហើយ​ស្លាប់​ទៅ ឥត​មាន​កូន​ដែរ អ្នក​ទី​៣​ក៏​ដូច​គ្នា អ្នក​ទាំង​៧​នោះ​បាន​យក​នាង តែ​គ្មាន​កូន​១​សោះ ក្រោយ​បង្អស់​មក នាង​នោះ​ក៏​ស្លាប់​ទៅ​ដែរ ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​ត្រូវ​បាន​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​នោះ ពី​ព្រោះ​អ្នក​ទាំង​៧​បាន​យក​នាង​គ្រប់ៗ​គ្នា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ដូច្នេះ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ​តើ ពី​ព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ ដ្បិត​កាល​ណា​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​មិន​ដែល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គេ​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ​អី ដែល​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ខ្លាំង​ណាស់។

អាន ម៉ាកុស 12