មីកា 4
4
1តែនៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ 2ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា ចូរមក យើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះវិហារនៃព្រះរបស់យ៉ាកុបចុះ ទ្រង់នឹងបង្រៀនឲ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ទ្រង់ ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម 3ទ្រង់នឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយនឹងសំរេចសេចក្ដីពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗដែលនៅទីឆ្ងាយ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ 4គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ 5នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។
6ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះអញនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយនឹងភ្ជុំអស់អ្នកដែលបានត្រូវបណ្តេញចេញ ព្រមទាំងអស់អ្នកដែលអញបានធ្វើទុក្ខផង ឲ្យមកវិញ 7ឯពួកដែលខ្វិន នោះនឹងបានតាំងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយឲ្យបានជានគរ១ខ្លាំងពូកែ នោះព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ 8ដូច្នេះ ឯឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ នេះនឹងមកឯឯងវិញ គឺអំណាចគ្រប់គ្រង ដូចដើមនឹងមកឯឯង ជារាជ្យរបស់កូនស្រីយេរូសាឡិម។
9ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ តើគ្មានស្តេចនៅក្នុងឯងឬ តើអ្នកប្រឹក្សារបស់ឯងបានវិនាសបង់ហើយឬ បានជាឯងឈឺចាប់ដូចជាស្រីដែលឈឺនឹងសំរាលកូនដូច្នេះ 10ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ហើយខំរមាត់ចុះ ដូចជាស្រីដែលឈឺនឹងសំរាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះ ឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងលោះឯង ចេញពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង 11ឥឡូវនេះ មានសាសន៍ជាច្រើនមូលគ្នាមកទាស់នឹងឯង គេពោលថា ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ 12ប៉ុន្តែគេមិនស្គាល់គំនិតរបស់ព្រះយេហូវ៉ាទេ ក៏មិនយល់សេចក្ដីប្រឹក្សារបស់ទ្រង់ដែរ ដ្បិតទ្រង់បានប្រមូលគេនៅទីលានដូចជាកណ្តាប់ស្រូវ 13ឱកូនស្រីនៃស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតអញនឹងធ្វើឲ្យស្នែងឯងបានទៅជាដែក ហើយក្រចកឯងទៅជាលង្ហិន ឯងនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអញនឹងញែកកំរៃរបស់គេចេញ ទុកជាដង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល 14តែឥឡូវនេះ ឱកូនស្រីនៃកងទ័ពអើយ ត្រូវឲ្យឯងមូលគ្នាជាកងទ័ពចុះ គេបានឡោមព័ទ្ធច្បាំងនឹងយើងហើយ គេនឹងវាយចៅក្រមនៃអ៊ីស្រាអែល ដោយដំបងត្រង់ថ្ពាល់។
ទើបបានជ្រើសរើសហើយ៖
មីកា 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.