មីកា 3

3
1ខ្ញុំ​ក៏​ថា​ដូច្នេះ​ទៀត ឱ​ពួក​ជា​ប្រមុខ​នៃ​យ៉ាកុប នឹង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រាអែល​អើយ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​ខ្ញុំ​ចុះ តើ​មិន​គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ 2អ្នក​រាល់​គ្នា​ដែល​ស្អប់​សេចក្ដី​ល្អ ហើយ​ស្រឡាញ់​សេចក្ដី​អាក្រក់​អើយ ជា​ពួក​អ្នក​ដែល​បក​ស្បែក​ពី​គេ​ចេញ ហើយ​បេះ​សាច់​ពី​ឆ្អឹង​គេ​ដែរ 3ក៏​ស៊ី​សាច់​របស់​ជន‌ជាតិ​ខ្ញុំ ហើយ​ពន្លាត់​ស្បែក​ពី​ខ្លួន​គេ​ចេញ រួច​បំបាក់​ឆ្អឹង ហើយ​កាត់​គេ​ជា​ដុំៗ ដូច​ជា​រៀប​ដាក់​ក្នុង​ឆ្នាំង ហើយ​ដូច​ជា​សាច់​ដែល​ដាក់​ចុះ​ក្នុង​ថ្លាង 4នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ ទ្រង់​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។
5ឯ​ពួក​ហោរា​ដែល​នាំ​ឲ្យ​ជន‌ជាតិ​ខ្ញុំ​វង្វេង​ចេញ ជា​ពួក​អ្នក​ដែល​ទាយ​ជា​សេចក្ដី​សុខ ក្នុង​កាល​ដែល​មាន​អ្វី​ទំពារ​ស៊ី តែ​បើ​អ្នក​ណា​មិន​ដាក់​អ្វី​ក្នុង​មាត់​គេ​ទេ នោះ​គេ​គិត​ទាំង​ច្បាំង​នឹង​អ្នក​នោះ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ពួក​នោះ​ថា 6ដោយ​ហេតុ​នោះ នឹង​មាន​សុទ្ធ​តែ​យប់​ដល់​ឯង​រាល់​គ្នា ឯង​នឹង​មិន​ឃើញ​ការ​ជាក់​ស្តែង​ទៀត ហើយ​នឹង​មាន​សុទ្ធ​តែ​ងងឹត​ដល់​ឯង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​ឯង​ទាយ​ឡើយ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ហោរា​ទៅ ហើយ​ថ្ងៃ​នឹង​បាន​ងងឹត​សូន្យ​ដល់​គេ 7ពួក​អ្នក​មើល‌ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ទាយ​នឹង​ទាល់​គំនិត អើ គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ 8តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ នឹង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រាអែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។
9ឱ​ពួក​ជា​ប្រមុខ​នៃ​វង្ស​យ៉ាកុប នឹង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​ខ្ពើម​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ត្រឹម‌ត្រូវ​ប្រែ‌ប្រួល​ទៅ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ 10ឯង​រាល់​គ្នា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ឈាម ហើយ​ក្រុង​យេរូ‌សាឡិម​ដោយ​សេចក្ដី​ទុច្ចរិត 11ពួក​ជា​កំពូល​លើ​គេ តែង‌តែ​ជំនុំ‌ជំរះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កំរៃ ហើយ​ពួក​ហោរា​ក៏​ទាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែគេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​កណ្តាល​យើង​រាល់​គ្នា​ទេ​តើ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ 12ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ‌រាស់​ដូច​ជា​ស្រែ​ចំការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ នឹង​បាន​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។

ទើបបានជ្រើសរើសហើយ៖

មីកា 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល