ម៉ាថាយ 9:27-38

ម៉ាថាយ 9:27-38 ពគប

កំពុង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ​ទៅ នោះ​មាន​មនុស្ស​ខ្វាក់​២​នាក់​តាម​ទ្រង់ ទាំង​ស្រែក​ថា ឱ​ព្រះ‌រាជ‌បុត្រា​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង កាល​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​អ្នក​ខ្វាក់​ទាំង​២​ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ អ្នក​ទាំង​២​ទូល​ថា ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ នោះ​ទ្រង់​ក៏​ពាល់​ភ្នែក​គេ ដោយ​បន្ទូល​ថា ចូរ​ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង រួច​ទ្រង់​ហាម​ផ្តាច់​ថា នែ កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឲ្យ​សោះ​ហ្នះ តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។ កំពុង​ដែល​អ្នក​ទាំង​២​ចេញ​ទៅ នោះ​មាន​គេ​នាំ​មនុស្ស​គ ដែល​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ រួច​កាល​បាន​ដេញ​អារក្ស​ចេញ​ហើយ នោះ​មនុស្ស​គ​បាន​និយាយ​ឡើង​បាន ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​មាន​សេចក្ដី​អស្ចារ្យ​ថា មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​សោះ​ឡើយ តែ​ពួក​ផារិស៊ី​និយាយ​ឡើង​ថា អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​មេ​អារក្ស​ទេ។ ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺ​រោគា នឹង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា កាល​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល បាន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់។

អាន ម៉ាថាយ 9

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 9:27-38