កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំរលាក្បាល នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើល នោះទ្រង់មិនព្រមសោយទេ គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ» គេអង្គុយចាំយាមទ្រង់នៅទីនោះ ក៏បិទប្រកាសដែលកត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា» នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។ ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ នឹងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។ តាំងពីថ្ងៃត្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកជួយសង្គ្រោះវា។ កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ ឯមេទ័ពនឹងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី នឹងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយ ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារា ជាម្តាយយ៉ាកុប នឹងយ៉ូសេ១ ហើយនឹងប្រពន្ធរបស់សេបេដេ១។ ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់ រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់ ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា១ទៀត ក៏នៅទីនោះអង្គុយប្រឈមនឹងផ្នូរ។ កាលស្អែកឡើង ក្រោយថ្ងៃរៀបបុណ្យ នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេមូលគ្នាទៅឯលោកពីឡាត់ជំរាបថា លោក យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះបាននិយាយ ពីកាលនៅរស់នៅឡើយថា ក្រោយមក៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័តផ្នូរនោះ ដរាបដល់គំរប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្ដីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត លោកពីឡាត់មានប្រសាសន៍ទៅគេថា អ្នករាល់គ្នាមានអ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាឲ្យមាំមួនតាមចិត្តចុះ រួចគេក៏ទៅបិទចំណាំធ្វើឲ្យមាំមួន ហើយដាក់គ្នាឲ្យចាំយាមផង។
អាន ម៉ាថាយ 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 27:32-66
10 Days
Let’s slow down this Holy Week and learn from Christ’s final days on earth. Each day we will receive lessons or gifts that He took the time to give. Do you need a fresh reminder of what mattered most to Christ—that you love His people and follow Him? What could He want to teach you this Holy Week?
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ