កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត តែទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង អ្នករាល់គ្នានឹងឮនិយាយពីចំបាំង នឹងដំណឹងពីចំបាំង នោះកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ នឹងកក្រើកដីនៅកន្លែងផ្សេងៗ តែការទាំងនោះជាដើមចមនៃសេចក្ដីទុក្ខទេ គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនឹងស្អប់គ្នាទៅវិញទៅមក ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ តែអ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្ដី ដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើល ឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សំរាកឡើយ ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។
អាន ម៉ាថាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 24:1-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ