ម៉ាថាយ 14:1-21

ម៉ាថាយ 14:1-21 ពគប

នៅ​គ្រា​នោះ ហេរ៉ូឌ ជា​ស្តេច​អនុរាជ ទ្រង់​បាន​ឮ​ល្បី​ពី​ព្រះ‌យេស៊ូវ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា នោះ​គឺ​ជា​យ៉ូហាន-បាទីស្ទ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​កើត​មក ដោយ‌សារ​គាត់​ដូច្នេះ ដ្បិត​ហេរ៉ូឌ​បាន​ចាប់​ចង​យ៉ូហាន​ដាក់​ក្នុង​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​ភីលីព អនុជ​ទ្រង់ ពី​ព្រោះ​យ៉ូហាន​បាន​ទូល​ទាស់​នឹង​ស្តេច​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​នាង​នោះ​ទេ ទ្រង់​ចង់​សំឡាប់​គាត់​ណាស់ តែ​ខ្លាច​ហ្វូង​មនុស្ស ព្រោះ​គេ​រាប់​គាត់​ទុក​ជា​ហោរា មាន​សម័យ​១ ជា​ថ្ងៃ​ធ្វើ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ហេរ៉ូឌ នោះ​បុត្រី​ហេរ៉ូ‌ឌាស នាង​រាំ​នៅ​មុខ​ពួក​ភ្ញៀវ ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ហេរ៉ូឌ​ណាស់ បាន​ជា​ទ្រង់​ស្បថ​សន្យា​នឹង​ប្រទាន​គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម តែ​មាតា​នាង​បាន​បញ្ចេះ​ឲ្យ​ទូល​ថា សូម​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ នោះ​ស្តេច​ទ្រង់​ក៏​ព្រួយ​ព្រះ‌ទ័យ តែ​ដោយ​ព្រោះ​សម្បថ ហើយ​នឹង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​ក្បាល​គាត់​មក​ឲ្យ​នាង ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក គេ​យក​ក្បាល​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា នោះ​ពួក​សិស្ស​យ៉ូហាន​ក៏​មក​យក​សព​ទៅ​កប់ រួច​ទៅ​ទូល​ព្រះ‌យេស៊ូវ។ កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ហើយ នោះ​ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ទី​រហោ‌ស្ថាន​ដោយ‌ឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរ‌ដាស ទ្រង់​ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា ដល់​ពេល​ល្ងាច ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​ជុំ‌វិញ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ក៏​ទូល​ទ្រង់​ថា នៅ​ទី​នេះ យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​នឹង​ត្រី​២​ប៉ុណ្ណោះ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ រួច​កាល​ទ្រង់​បាន​បង្គាប់ ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​លើ​ស្មៅ​ហើយ នោះ​ទ្រង់​យក​នំបុ័ង​៥​ដុំ នឹង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ទាំង​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ដល់​ហ្វូង​មនុស្ស គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​ដាក់​ពេញ​បាន​១២​កន្ត្រក រីឯ​ពួក​មនុស្ស​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៥​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗនឹង​កូន​ក្មេង​ទេ។

អាន ម៉ាថាយ 14