ម៉ាថាយ 10:24-42

ម៉ាថាយ 10:24-42 ពគប

សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅហ្វាយ​ខ្លួន​ដែរ បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​បាន​ស្មើ​នឹង​ចៅហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេល‌សេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប‌កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ‌អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង នឹង​រូប‌កាយ​វិនាស​ទៅ​ក្នុង​នរក​ផង តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។ កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្តាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជា​ជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី ជា​ជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ អ្នក​ណា​ដែល​មិន​យក​ឈើ​ឆ្កាង​ខ្លួន មក​តាម​ខ្ញុំ អ្នក​នោះ​មិន​គួរ​នឹង​ខ្ញុំ​ឡើយ អ្នក​ណា​ដែល​រក​បាន​ជីវិត​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ អ្នក​ណា​ដែល​ទទួល​ហោរា ពី​ព្រោះ​ជា​ហោរា អ្នក​នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​ហោរា ឯ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត ពី​ព្រោះ​ជា​មនុស្ស​សុចរិត នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​មនុស្ស​សុចរិត​ដែរ អ្នក​ណា​ដែល​ឲ្យ​ទឹក​ត្រជាក់​តែ​១​កែវ ទៅ​កូន​ក្មេង​តូច​១​នេះ​ផឹក ពី​ព្រោះ​ជា​សិស្ស​ខ្ញុំ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

អាន ម៉ាថាយ 10

វីដេអូសម្រាប់ ម៉ាថាយ 10:24-42