លូកា 6:20-42

លូកា 6:20-42 ពគប

ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស មាន​បន្ទូល​ថា មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​អើយ ដ្បិត​នគរ​ព្រះ​ជា​របស់​ផង​អ្នក​រាល់​គ្នា មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច​វិញ មាន​ពរ​ហើយ កាល​ណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់‌កាល់ ត្មះ‌តិះដៀល ហើយ​ចោល​ឈ្មោះ​អ្នក​រាល់​គ្នា​ចេញ ទុក​ដូច​ជា​អាក្រក់ ដោយ​ព្រោះ​កូន​មនុស្ស ចូរ​អ្នក​រាល់​គ្នា​អរ​សប្បាយ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​លោត‌កញ្ឆេង​ចុះ ដ្បិត​មើល អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​យ៉ាង​ធំ​នៅ​ឯ​ស្ថាន‌សួគ៌ ឯ​ពួក​ឰយុកោ​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ក្នុង​សម័យ​នេះ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត ដ្បិត​នឹង​ត្រូវ​ឃ្លាន​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​សើច​ក្នុង​ជាន់​ឥឡូវ​នេះ ដ្បិត​នឹង​កើត​ទុក្ខ​ព្រួយ ហើយ​យំ​សោក​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ពី​ព្រោះ​កាល​ពី​ដើម ពួក​ឰយុកោ​បាន​ប្រព្រឹត្ត​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក ឯ​អ្នក​ណា​ដែល​ទះ​កំភ្លៀង​អ្នក​ម្ខាង នោះ​ត្រូវ​បែរ​ម្ខាង​ទៅ​ឲ្យ​គេ​ទៀត ហើយ​បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក នោះ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​អ្នក​ផង​ឡើយ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ផង​អ្នក នោះ​កុំ​ឲ្យ​ទារ​វិញ​ឡើយ ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្រឡាញ់​គេ​ដូច​គ្នា​ដែរ ហើយ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ចំពោះ​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នឹង​ខ្លួន​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដែល​សង្ឃឹម​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ឲ្យ​មនុស្ស​មាន​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ដូច​ដើម​វិញ ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​នឹង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកតញ្ញូ នឹង​មនុស្ស​អាក្រក់​ដែរ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ជា​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដែរ កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​ឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ។ ទ្រង់​ក៏​មាន​បន្ទូល​ពាក្យ​ប្រៀប​ទៅ​គេ​ថា តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬ​ទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​២​នាក់​ទេ​ឬ​អី សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ តែ​អ្នក​ណា​ដែល​បាន​គ្រប់​លក្ខណ៍ នោះ​នឹង​បាន​ដូច​ជា​គ្រូ​ដែរ ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​ខ្លួន​វិញ​សោះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​ប្អូន​បាន ថា ប្អូន​អើយ​ឲ្យ​អញ​យក​កំទេច ពី​ភ្នែក​ឯង​ចេញ​ដូច្នេះ ឱ​អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​ប្អូន​អ្នក​បាន​ដែរ

អាន លូកា 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 6:20-42