ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា មានពរហើយ អ្នករាល់គ្នាដែលឃ្លានឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត មានពរហើយ អ្នករាល់គ្នាដែលយំឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចវិញ មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំនៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ តែវេទនាដល់អ្នករាល់គ្នា ជាអ្នកមាន ដ្បិតអ្នករាល់គ្នាកំពុងតែមានសេចក្ដីកំសាន្តចិត្តក្នុងសម័យនេះ វេទនាដល់អ្នករាល់គ្នាដែលឆ្អែត ដ្បិតនឹងត្រូវឃ្លានវិញ វេទនាដល់អ្នករាល់គ្នា ដែលសើចក្នុងជាន់ឥឡូវនេះ ដ្បិតនឹងកើតទុក្ខព្រួយ ហើយយំសោកវិញ វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ពីព្រោះកាលពីដើម ពួកឰយុកោបានប្រព្រឹត្តនឹងពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក ឯអ្នកណាដែលទះកំភ្លៀងអ្នកម្ខាង នោះត្រូវបែរម្ខាងទៅឲ្យគេទៀត ហើយបើអ្នកណាយកអាវវែងរបស់អ្នក នោះកុំឲ្យឃាត់មិនឲ្យគេយកអាវតូចអ្នកផងឡើយ ចូរឲ្យដល់អ្នកណាដែលសូមអ្នក ហើយបើអ្នកណាយករបស់អ្វីផងអ្នក នោះកុំឲ្យទារវិញឡើយ ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ បើអ្នករាល់គ្នាស្រឡាញ់តែពួកអ្នកដែលស្រឡាញ់ដល់អ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ស្រឡាញ់ដល់ពួកអ្នក ដែលស្រឡាញ់គេដូចគ្នាដែរ ហើយបើអ្នករាល់គ្នាប្រព្រឹត្តល្អ ចំពោះតែពួកអ្នកដែលប្រព្រឹត្តល្អនឹងខ្លួនអ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ បើអ្នករាល់គ្នាឲ្យគេខ្ចី ដែលសង្ឃឹមនឹងបានវិញ នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមានបាបខ្ចីដែរ ដើម្បីឲ្យបានដូចដើមវិញ ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកតញ្ញូ នឹងមនុស្សអាក្រក់ដែរ ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ
អាន លូកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 6:20-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ