កាលគេនាំព្រះយេស៊ូវទៅ នោះគេចាប់មនុស្សសាសន៍គីរេនម្នាក់ ឈ្មោះស៊ីម៉ូន ដែលកំពុងតែវិលមកពីចំការ ក៏ដាក់ឲ្យគាត់លីឈើឆ្កាងតាមទ្រង់ទៅ មានមនុស្សដើរតាមទ្រង់ដ៏ណែនណាន់ ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង ព្រះយេស៊ូវទ្រង់ងាកបែរទៅ មានបន្ទូលនឹងពួកស្ត្រីទាំងនោះថា កូនស្រីក្រុងយេរូសាឡិមអើយ កុំយំនឹងខ្ញុំឡើយ ឲ្យយំនឹងខ្លួនអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាវិញចុះ ដ្បិតមើល នឹងមានគ្រាមកដល់ ដែលគេនឹងថា មានពរហើយ ពួកស្រីអារ នឹងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន នៅគ្រានោះ គេនឹងចាប់តាំងនិយាយទៅភ្នំធំថា សូមឲ្យរលំមកលើយើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ ព្រោះបើគេធ្វើការទាំងនេះ ដល់ដើមឈើស្រស់ នោះតើនឹងកើតអ្វីដល់ដើមឈើស្ងួតវិញ។ គេក៏នាំចោរកំណាច២នាក់ ទៅសំឡាប់ជាមួយនឹងទ្រង់ដែរ កាលមកដល់កន្លែងដែលហៅថា ភ្នំរលាក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់ ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ គេក៏នាំគ្នាធ្វើឆ្នោតចាប់ព្រះពស្ត្រទ្រង់ចែកគ្នា ឯបណ្តាជនដែលឈរមើល នឹងពួកនាម៉ឺន ដែលឈរជាមួយ ក៏បន្តុះទ្រង់ថា វាបានជួយសង្គ្រោះមនុស្សឯទៀត បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ ពួកទាហានក៏បង្អាប់ទ្រង់ដែរ ហើយគេយកទឹកខ្មេះ ចូលទៅជិតថ្វាយទ្រង់ ដោយថា បើឯងជាស្តេចសាសន៍យូដាមែន ចូរជួយសង្គ្រោះខ្លួនចុះ ហើយនៅពីលើទ្រង់ មានអក្សរជាភាសាក្រេក ឡាតាំង នឹងហេព្រើរថា «នេះជាស្តេចសាសន៍យូដា»។ រីឯចោរកំណាចម្នាក់ដែលជាប់ព្យួរ វាប្រមាថមើលងាយដល់ទ្រង់ថា បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួនឯង ហើយនឹងយើងផង ប៉ុន្តែម្នាក់ទៀតឆ្លើយបន្ទោសវាថា តើឯងមិនខ្លាចព្រះទេឬអី ដ្បិតឯងក៏ជាប់ទោសដូចគ្នា គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង ព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ។ ពេលនោះ ប្រហែលជាថ្ងៃត្រង់ហើយ ស្រាប់តែកើតមានងងឹត នៅគ្របពេញលើផែនដី ដរាបដល់ម៉ោង៣រសៀល ថ្ងៃត្រឡប់ទៅជាងងឹត ហើយវាំងននក្នុងព្រះវិហារ ក៏រហែកចំពាក់កណ្តាល នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានបន្ទូលពាក្យទាំងនេះរួចហើយ នោះទ្រង់ផុតដង្ហើមទៅ។ កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន ឯបណ្តាមនុស្សទាំងហ្វូង ដែលប្រជុំគ្នាមើលការនោះ កាលគេបានឃើញការដែលកើតឡើងដូច្នោះ ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ ឯពួកអ្នកដែលស្គាល់ទ្រង់ នឹងពួកស្រីៗដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចំងាយ។
អាន លូកា 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 23:26-49
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ