លូកា 23:1-12

លូកា 23:1-12 ពគប

បណ្តា​មនុស្ស​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង នាំ​ទ្រង់​ទៅ​ឯ​លោក​ពីឡាត់ ចាប់​តាំង​ចោទ​ប្រកាន់​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​នេះ នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង ដោយ​លើក​ខ្លួន​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច​ដែរ លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ​អី ទ្រង់​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ នោះ​លោក​ពីឡាត់​មាន​ប្រសាសន៍​ដល់​ពួក​សង្គ្រាជ នឹង​បណ្តា​មនុស្ស​ថា ខ្ញុំ​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ ប៉ុន្តែ គេ​និយាយ​ទទូច​ថា វា​ញុះ‌ញង់​បណ្តាជន ហើយ​ក៏​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ រហូត​មក​ដល់​ទី​នេះ កាល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលី‌ឡេ នោះ​លោក​សួរ​ថា មនុស្ស​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ​អី លុះ​បាន​ជ្រាប​ថា ទ្រង់​នៅ​ក្នុង​អំណាច​នៃ​ស្តេច​ហេរ៉ូឌ នោះ​លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឯ​ស្តេច​ហេរ៉ូឌ​ទៅ ដ្បិត​គ្រា​នោះ ស្តេច​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។ កាល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ទ្រង់​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ទ្រង់​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ទ្រង់​ធ្វើ​ទី​សំគាល់​ណា​មួយ នោះ​ស្តេច​មាន​បន្ទូល​សួរ​ទ្រង់​ជា​ច្រើន ប៉ុន្តែ ទ្រង់​មិន​ព្រម​ឆ្លើយ​សោះ ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​ឈរ​នៅ​ទី​នោះ​កំពុង​តែ​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង លុះ​ស្តេច​ហេរ៉ូឌ ព្រម​ទាំង​ពួក​ទាហាន បាន​ចំអក​មើល‌ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​ក៏​យក​អាវ​ដ៏​រុងរឿង​មក​បំពាក់​ទ្រង់ រួច​បញ្ជូន​ត្រឡប់​ទៅ​ឯ​លោក​ពីឡាត់​វិញ នៅ​ថ្ងៃ​នោះ លោក​ពីឡាត់ នឹង​ស្តេច​ហេរ៉ូឌ ក៏​បាន​ជា​នឹង​គ្នា ដ្បិត​ពី​មុន លោក​ទាំង​២​នោះ​បាន​ទាស់‌ទែង​គ្នា។

អាន លូកា 23