លូកា 22:29-46

លូកា 22:29-46 ពគប

ខ្ញុំ​ក៏​ដំរូវ​នគរ​១​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរ‌បិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង។ ព្រះ‌អម្ចាស់​ក៏​មាន​បន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ឡើង តែ​គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី នោះ​ទ្រង់​មាន​បន្ទូល​ថា ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ។ រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​ថា កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ឥត​កាបូប ឥត​យាម ហើយ​ឥត​ស្បែក​ជើង នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​នេះ​ដែល​បាន​ចែង​ទុក​មក​ថា «គេ​បាន​រាប់​ទ្រង់ ជា​ពួក​ទទឹង​ច្បាប់» នោះ​ត្រូវ​សំរេច​លើ​ខ្លួន​ខ្ញុំ ដ្បិត​គ្រប់​សេចក្ដី​ដែល​ដំរូវ​មក​ខ្ញុំ ត្រូវ​តែ​បាន​សំរេច​ទាំង​អស់ រួច​គេ​ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល នេះ​មាន​ដាវ​២​ហើយ ទ្រង់​ក៏​មាន​បន្ទូល​ថា អើ ល្មម​ហើយ។ កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទំលាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចំងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញ នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថាន‌សួគ៌ មក​ចំរើន​កំឡាំង​ថ្វាយ ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត‌តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត ទ្រង់​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ ចូរ​ក្រោក​ឡើង​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ។

អាន លូកា 22