លូកា 20:20-40

លូកា 20:20-40 ពគប

គេ​ឃ្លាំ​មើល​ទ្រង់ ហើយ​ក៏​ចាត់​ពួក​សំងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម‌ត្រូវ ដើម្បី​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​បញ្ជូន​ទ្រង់​ទៅ​ក្នុង​កំឡាំង នឹង​អំណាច​នៃ​ចៅហ្វាយ​ខេត្ត អ្នក​ទាំង​នោះ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ ហើយ​បង្រៀន សុទ្ធ​តែ​ដោយ​ត្រឹម‌ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​អ្នក​ណា​សោះ លោក​បង្រៀន​ពី​ផ្លូវ​ព្រះ តាម​តែ​សេចក្ដី​ពិត ដូច្នេះ តើ​បើក​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ តែ​ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ ចូរ​បង្ហាញ​កាក់​ធំ​១​មក​ឲ្យ​ខ្ញុំ​មើល តើ​មាន​រូប នឹង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​របស់​សេសារ នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ ខណ​នោះ គេ​ចាប់​ព្រះ‌បន្ទូល​ទ្រង់​នៅ​មុខ​ជន​ទាំង‌ឡាយ​មិន​បាន ហើយ​ក៏​ស្ងៀម​នៅ ដោយ​អស្ចារ្យ​ពី​ចំឡើយ​របស់​ទ្រង់។ នោះ​មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ដល់​ព្រះ‌យេស៊ូវ​ថា លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង ដូច្នេះ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅ​ឥត​កូន​ដែរ អ្នក​ទី​៣​ក៏​យក​នាង​ទៀត បណ្តា​ទាំង​៧​នាក់​នោះ​ក៏​យក​នាង​គ្រប់ៗ​គ្នា ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន​ដូច​គ្នា​ទាំង​អស់ ក្រោយ​បង្អស់​មក នាង​នោះ​ស្លាប់​ទៅ​ដែរ ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ​នេះ គេ​តែង​យក​ប្ដី​ប្រពន្ធ តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរ‌លោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្ដី​ប្រពន្ធ​ទៀត​ទេ ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់​រស់​សំរាប់​ទ្រង់ នោះ​មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ រួច​គេ​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

អាន លូកា 20