លូកា 18:31-43

លូកា 18:31-43 ពគប

ទ្រង់​ក៏​យក​ពួក​១២​នាក់​មក​មាន​បន្ទូល​ថា មើល យើង​រាល់​គ្នា​នឹង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​គ្រប់​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សំរេច​ពិត ដ្បិត​គេ​នឹង​បញ្ជូន​លោក​ទៅ​ពួក​សាសន៍​ដទៃ គេ​នឹង​សើច​ចំអក​ឲ្យ ត្មះ‌តិះដៀល ហើយ​ស្តោះ​ដាក់​លោក រួច​កាល​គេ​បាន​វាយ​នឹង​រំពាត់​ហើយ នោះ​គេ​នឹង​សំឡាប់​លោក​បង់ តែ​ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​រស់​ឡើង​វិញ តែ​ពួក​សាវក​មិន​បាន​យល់​សេចក្ដី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​ដល់​គេ ហើយ​គេ​មិន​បាន​យល់​ជា​ថា​ដូច​ម្តេច​ទេ។ កាល​ជិត​ដល់​ក្រុង​យេរីខូរ​ហើយ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ គាត់​ឮ​សូរ​សន្ធឹក​មនុស្ស​ទាំង​ហ្វូង ដែល​ដើរ​តាម​នោះ ក៏​សួរ​គេ​ថា តើ​មាន​ការ​អ្វី គេ​ប្រាប់​គាត់​ថា គឺ​ព្រះ‌យេស៊ូវ ពី​ស្រុក​ណាសា‌រ៉ែត ទ្រង់​យាង​មក រួច​គាត់​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង ឯ​ពួក​អ្នក​ដែល​ដើរ​មុន គេ​កំហែង​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ឈប់ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​គាត់​មក កាល​គាត់​មក​ជិត​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គាត់​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ភ្នែក​ទូលបង្គំ​បាន​ភ្លឺ​ឡើង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ឲ្យ​ភ្លឺ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ទ្រង់ ទាំង​ពណ៌នា​សរសើរ​ដំកើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​ដល់​ព្រះ​ដែរ។

អាន លូកា 18